ប្រទេសអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះថា ខ្លួននឹងមិនបំពេញកាតព្វកិច្ច ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយប៉ាគីស្ថានជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា ជំហររបស់ទីក្រុងតេអេរ៉ង់ នៅតែផ្អែកដដែលលើគោលការណ៍នៃ «ការប្តេជ្ញាចិត្ត ជាថ្នូរនឹងការប្តេជ្ញាចិត្ត»។
នៅក្នុងការកត់សម្គាល់របស់លោក ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Baqaei បានលើកឡើងថា៖ «យើងបាននិយាយតាំងពីដើមដំបូងមកម៉្លេះថា វាគឺជាបញ្ហានៃការប្តេជ្ញាចិត្ត ជាថ្នូរនឹងការប្តេជ្ញាចិត្ត។ ប្រសិនបើភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន យើងក៏នឹងបំពេញតាមការប្តេជ្ញាចិត្តរបស់យើងផងដែរ»។

ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «រំលោភលើផ្នែកផ្សេងៗ» របស់ MOU «ក្រោមលេសផ្សេងៗ» លោកបានបន្តថា៖ «គ្មាននរណាម្នាក់អាចចោទប្រកាន់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងនោះទេ។ ក្នុងករណីទាំងអស់ កាតព្វកិច្ចរបស់យើង និងរបស់ភាគីម្ខាងទៀត គឺច្បាស់លាស់ ហើយអាចត្រូវបានកត់ត្រាទុក»។
អមដោយការព្រមានថា MOU នេះ បានចូលដល់ «ដំណាក់កាលវិបត្តិ» ហើយនោះ លោកបានសង្កត់ធ្ងន់ថា៖ «ដរាបណាភាគីម្ខាងទៀត នៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ជាថ្នូរវិញ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់នឹងទម្លាក់ចោលកាតព្វកិច្ចដែលខ្លួនសន្យា» ។
ការព្រមាននេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន ដែលកំណត់គោលដៅមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសក្នុងតំបន់៕
