អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននយោបាយ និងសាធារណជន បន្ទាប់ពីលោកបានសរសេរនៅក្នុងអត្ថបទមួយថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង «មិនមានកីឡាករជនជាតិបារាំងទេ» មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក។
លោក Rajoy ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីអេស្ប៉ាញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ បានសរសេរអត្ថបទចុះផ្សាយក្នុងសារព័ត៌មានអនឡាញ El Debate ដោយលើកឡើងថា បារាំងជាម្ចាស់ជើងឯកពិភពលោក២សម័យ និងជាជើងឯករងនៅ World Cup លើកមុន។ លោកក៏បានសរសើរថា បារាំងបានឈ្នះគ្រប់ការប្រកួតក្នុងការប្រកួតលើកនេះ កំពុងឈរលេខ១ក្នុងចំណាត់ថ្នាក់ FIFA និងមានក្រុមកីឡាករកម្រិតខ្ពស់។
ទោះជាយ៉ាងណា សម្តីដែលបង្កភាពចម្រូងចម្រាសបំផុតគឺការអះអាងថា «ពួកគេមិនមានកីឡាករជនជាតិបារាំងទេ ប៉ុន្តែលេងបានយ៉ាងល្អ និងក្លាយជាគូប្រកួតដ៏ខ្លាំង»។ ការលើកឡើងនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាការរើសអើងជាតិសាសន៍ និងមិនគោរពចំពោះភាពចម្រុះរបស់សង្គមបារាំង។
ការអត្ថាធិប្បាយរបស់លោក Rajoy ក៏ត្រូវបានប្រៀបធៀបទៅនឹងការបង្ហោះសាររើសអើងជាតិសាសន៍របស់សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយម្នាក់ ដែលធ្លាប់វាយប្រហារខ្សែប្រយុទ្ធឆ្នើម Kylian Mbappé ផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអេស្ប៉ាញបច្ចុប្បន្ន លោក Pedro Sánchez បានបង្ហោះសារលើបណ្ដាញសង្គម X ដោយបញ្ជាក់ថា មនុស្សមួយចំនួននៅតែវាស់វែងភាពជាពលរដ្ឋតាមនាមត្រកូល ទីកន្លែងកំណើត ឬពណ៌សម្បុរ ខណៈអ្នកផ្សេងទៀតវាស់វែងតាមការចូលរួម និងការរួមចំណែកចំពោះប្រទេសជាតិ។
លោក Sánchez បានសង្កត់ធ្ងន់ថា «អេស្ប៉ាញជារបស់អ្នកដែលស្រឡាញ់ និងខិតខំធ្វើការដើម្បីប្រទេស មិនមែនជារបស់អ្នកដែលធ្វើឱ្យប្រទេសអាប់ឱនដោយសារសេចក្តីថ្លែងការណ៍រើសអើងជនបរទេសនោះទេ»។
ករណីនេះបានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង មុនការប្រកួតដ៏សំខាន់រវាងអេស្ប៉ាញ និងបារាំង ខណៈការជជែកវែកញែកអំពីអត្តសញ្ញាណជាតិ និងភាពចម្រុះក្នុងវិស័យបាល់ទាត់នៅអឺរ៉ុប កំពុងបន្តក្តៅគគុក៕ អត្ថបទ៖នាង សុភាវុធ


