សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ងដែលកម្លងមកនេះ បានជួយកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យជាច្រើនជាពិសេសវិស័យអភិឌ្ឍជនបទ និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ជាមួយគ្នានេះសម្ដេចតេជោសង្ឃឹមថាអ្នកវិនិយោគិនរបស់អាល្លឺម៉ងនឹងបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយដែលបានជួប ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង សារជាថ្មីមុននឹងឯកឧត្តមចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចប់អាណត្តិរបស់ឯកឧត្តមជាឯកអងគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តម ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាកន្លងមក បានញ៉ាំង និងសម្របសម្រួលឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង កាន់តែមានភាពរីកចម្រើន។
នៅក្នុងឱកាសនោះឯកឧត្តម ឯកឧត្តម Stefan បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបជម្រាបលានាឱកាសនេះ។ ឯឧត្តមបានលើកឡើងថា រយៈពេល៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតនៅកម្ពុជា គឺបានប្រព្រឹត្តទៅលឿនខ្លាំងណាស់ ហើយរយៈពេល៤ឆ្នាំមកនេះ ឯកឧត្តមបានធ្វើការងារជាមួយភាគីកម្ពុជា ដោយបានសម្រេចនូវសមិទ្ធផលជាច្រើនសម្រាប់ពូនជ្រំនូវទំនាក់ទំនងរវាងអាល្លឺម៉ង និងកម្ពុជា។
ឯកឧត្តម បានអរគុណចំពោះភាគីកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងឯកឧត្តម និងក្រុមការងារ ក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានរំលេចនូវស្នាដៃសំខាន់ៗ ក្នុងបេសកកម្មរបស់ឯកឧត្តមរយៈពេល៤ឆ្នាំមកនេះ ក្នុងនោះមានការសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្មឺម៉ងមកកាន់ប្រទេសកម្ពុជា, ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងវិស័យទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រទេសកម្ពុជាដែលបានកើនឡើង ហើយប្រជាជនអាល្លឺម៉ងបានចាប់អារម្មណ៍ នៅក្នុងការមកទស្សនាប្រទេសកម្ពុជា ដែលកម្ពុជាក៏បានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ងដែលជាគោលដៅទេសចរ ជាពិសេសអ្នកចូលនិវត្តន៍របស់ប្រទេសអាល្លឺម៉ងបានសម្លឹងឃើញកម្ពុជាគឺជាទីកន្លែងដ៏មនោរម្យសម្រាប់ពួកគេមកទស្សនាកម្សាន្ត។
នៅក្នុងឱកាសនោះសម្ដេចតេជោ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង ហើយសម្ដេចតេជោ បានយល់ស្របទាំងស្រុងចពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចតេជោលើកឡើងថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ សង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ងនឹងកាន់តែមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចតេជោ ក៏បានអរគុណចំពោះអាងល្លឺម៉ងដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសការជួយលើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការជួយលើការអភិវឌ្ឍជនបទដែលអាល្លឺម៉ងបានចូលរួមចំណែកជួយដល់កម្ពុជា៕








