ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារដោយមីស៊ីលបាលីស្ទីក និងយានដ្រូនទៅលើអាកាសយានដ្ឋានអន្តរជាតិអាបា Abha របស់អារ៉ាប៊ីសាអ៊ូឌីត ដោយនិយាយថា ប្រតិបត្តិការនេះ គឺជាការសងសឹកចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីតលើអាកាសយានដ្ឋានអន្តរជាតិ Sanaa នាព្រឹកថ្ងៃចន្ទ។

លោក Yahya Sarea អ្នកនាំពាក្យយោធាហ៊ួទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទីថា ប្រតិបត្តិការនេះ បានកំណត់គោលដៅទៅលើអាកាសយានដ្ឋាន Abha នៅភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយនឹងមីស៊ីលបាលីស្ទីក និងយានដ្រូនជាច្រើនគ្រឿង»។
លោក Sarea បាននិយាយថា៖«ប្រតិបត្តិការនេះសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយជោគជ័យ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់ និងរបួស ឬការខូចខាត ដែលអាចកើតមានទេ។

អ្នកនាំពាក្យរូបនេះបានព្រមានក្រុមហ៊ុនអាកាសចរណ៍កុំឲ្យប្រើប្រាស់ដែនអាកាសអារ៉ាប៊ីសាអ៊ូឌីត រហូតដល់ការរឹតបន្តឹងលើជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ Sanaa អាត្រូវបានដក ចេញ។
លោកក៏បាននិយាយផងដែរថា អារ៉ាប៊ីសាអ៊ូឌីត នឹងទទួលខុសត្រូវចំពោះផលវិបាកណាមួយនៃការកើនឡើងភាពតានតឹងថ្មីៗនេះនេះ ហើយបានសន្យាថា កងកម្លាំងហ៊ួទីនឹងចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់អ្វីដែលក្រុមនេះពិពណ៌នាថា ជាការបិទអាកាសយានដ្ឋាន Sanaa៕