លោក Laurent Nunez រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលបារាំងបានឃុំខ្លួនមនុស្ស ៥៩ នាក់នៅទូទាំងប្រទេសពាក់ព័ន្ធនឹងចំហេះព្រៃ រួមទាំងជនសង្ស័យពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងចំហេះព្រៃនៅព្រៃ Fontainebleau ក្នុងតំបន់ Seine-et-Marne ភាគអាគ្នេយ៍ទីក្រុងប៉ារីស។
ថ្លែងតាមទូរទស្សន៍បារាំង France 2 លោក Nunez បាននិយាយថា ជនសង្ស័យពីរនាក់ក្នុងករណី ចំហេះព្រៃ Fontainebleau ត្រូវបានឃុំខ្លួនពីបទ «បង្កអគ្គិភ័យដោយចេតនា ឬដោយចៃដន្យ»។
នៅទូទាំងប្រទេស មនុស្ស៥៩នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីចំហេះព្រៃ រួមមានមនុស្សពេញវ័យ ៣០នាក់ និងអនីតិជន ២៩ នាក់។
លោក Nunez និយាយថា ចំហេះព្រៃដ៍ធំបានឆាបឆេះប្រហែល ១.២០០ ហិកតា។ ចំហេះព្រៃទីពីរបានកើតឡើងក្នុងចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីចំហេះព្រៃធំ និងបានរាលដាលលើផ្ទៃដីព្រៃប្រហែល ១០០ ហិកតា ។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ការិយាល័យឧតុនិយមបារាំង បាននិយាយថា សីតុណ្ហភាពបានបន្តកើនឡើងតាំងពីចុងសប្តាហ៍ ហើយនៅតែខ្ពស់ខ្លាំងនៅដើមសប្តាហ៍នេះ។ ការិយាយល័យនេះបានព្រមានថា ការរួមបញ្ចូលគ្នារវាងកម្តៅខ្លាំង និងដីស្ងួត បង្កើនហានិភ័យចំហេះព្រៃនៅទូទាំងប្រទេស។

