នគរបាលនិងមន្ត្រីសង្គ្រោះ បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ១១នាក់ បានស្លាប់ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យដំបូលផ្ទះដែលសាងសង់ពីឥដ្ឋលាយភក់ បាក់សង្កត់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
លោក Bilal Faizi មន្ត្រីនៃអង្គភាពសង្គ្រោះបន្ទាន់នៅខេត្តនេះ បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅស្រុក Kohat នៃខេត្ត Khyber Pakhtunkhwa។
លោកបានបន្តថា ក្រុមអ្នកជួយសង្គ្រោះ បានយកសាកសពជនរងគ្រោះចំនួន ១១នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបញ្ចុះសព។
ទន្ទឹមនឹងនេះ ភ្លៀងមូសុងធ្លាក់ខ្លាំង ក៏បានវាយប្រហារតំបន់ Gilgit-Baltistan កាលពីថ្ងៃចន្ទផងដែរ ដោយបង្កឲ្យមានបំណាក់ដី ដែលបានបិទផ្លូវជាច្រើនខ្សែ និងបណ្តាលឲ្យខូចខាតដល់លំនៅឋានជាច្រើនខ្នង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសង្គ្រោះបន្ទាន់ក្នុងតំបន់៕

