ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រកួតជាមួយជម្រើសជាតិអង់គ្លេស នៅម៉ោង០២និង០០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ពេលវេលានៅកម្ពុជានៅអាត្លង់តា សហរដ្ឋអាមេរិក ដើម្បីប្រជែងយកកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក២០២៦។
នេះគឺជាជំនួបប្រវត្តិសាស្ត្រដែលលើសពីកីឡា ព្រោះបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយរឿងរ៉ាវនយោបាយ និងជម្លោះទឹកដី។ ភាពតានតឹងដ៏ស្រួចស្រាវបំផុតបានកើតឡើងក្រោយសង្រ្គាមកោះហ្វកឡែន (Falklands War) ឬអាហ្សង់ទីនហៅថា កោះម៉ាល់វីណាស់ (Malvinas) ក្នុងឆ្នាំ១៩៨២។

មួយវិញទៀតវាហាក់ដូចជាគាប់ជួប ការទទួលមរណភាពក្នុងសប្តាហ៍នេះរបស់អតីតកីឡាករបាល់ទាត់អាហ្សង់ទីន លោក Antonio Rattin បានធ្វើឱ្យនឹកឃើញអំពីជម្លោះកីឡាដំបូងបង្អស់មួយរវាងប្រទេសទាំងពីរ។

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ១៩៦៦ ប្រទេសទាំងពីរបានជួបគ្នាក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក ពេលនោះប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ លោក Rattinជាប្រធានក្រុមអាហ្សង់ទីន ត្រូវបានបណ្តេញចេញពីទីលាន។ លោកបានចាប់ទាញទង់ជាតិនៅជ្រុងទីលានដែលមានរូបទង់ជាតិចក្រភពអង់គ្លេសនៅពេលលោកដើរចេញ ហើយបន្ទាប់មកបានទៅអង្គុយលើកម្រាលព្រំដែលបម្រុងទុកសម្រាប់ម្ចាស់ក្សត្រិយ៍ Elizabeth ដោយបដិសេធមិនព្រមដើរចេញ។ ក្រោយមក លោកបាននិយាយ ថា អ្នកគាំទ្រអង់គ្លេសបានគប់កំប៉ុងស្រាបៀរមកលើរូបលោក។

អារម្មណ៍ឆេវឆាវនៅលើទីលានបានកើនឡើងយ៉ាងខ្លាំងពេញការប្រកួត ដែលបានបញ្ចប់ទៅដោយអង់គ្លេសឈ្នះអាហ្សង់ទីន១ទល់នឹង០។ ក្រោយមក គ្រូបង្វឹកអង់គ្លេសលោក Alf Ramsey បាននិយាយសំដៅទៅលើកីឡាករអាហ្សង់ទីនថាជា "សត្វធាតុ"។ នេះគឺជាការប្រមាថមួយដែលអាហ្សង់ទីនមិនដែលបំភ្លេចបានឡើយ។

ម្ភៃឆ្នាំក្រោយមក នៅពហុកីឡដ្ឋាន Azteca ទីក្រុងម៉ិកស៊ីកូ ពោលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨៦ ប្រទេសទាំងពីរបានជួបគ្នាម្តងទៀតក្នុងវគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក១៩៨៦។ ប្រទេសទាំងពីរទើបតែបានធ្វើសង្គ្រាមក្នុងជម្លោះរយៈពេលជាងពីរខែលើការគ្រប់គ្រងដែនកោះនៅមហាសមុទ្រអាត្លង់ទិកខាងត្បូង ដែលខាងចក្រភពអង់គ្លេសហៅថា កោះ Falklands ហើយអាហ្សង់ទីនហៅថា កោះ Malvinas ក្នុងឆ្នាំ ១៩៨២ ដែលធ្វើឱ្យទាហានអាហ្សង់ទីន ៦៤៩ នាក់ និងទាហានអង់គ្លេស ២៥៥ នាក់បានពលីជីវិត។ អារម្មណ៍ឈឺចាប់ និងសោកសៅនៅតែមានភាពស្រស់ៗនៅឡើយ។

ក្នុងការប្រកួតនោះ វីរបុរស Diego Maradona ដែលជាកីឡាករបាល់ទាត់ម្នាក់ក្នុងចំណោមកីឡាករដែលមានទេពកោសល្យបំផុតនៅក្នុងប្រវត្តិសាស្ត្រ បានស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹងអង់គ្លេស ដើម្បីទម្លាក់ពួកគេចេញពីការប្រកួត។ គ្រាប់បាល់ទីពីរគឺជាទស្សនីយភាពដ៏ស្រស់ស្អាតខ្លាំង ដោយអូសបាល់យ៉ាងវែងកាត់ទីលាន លោកបានញាក់ដាច់ខ្សែការពារពាក់កណ្តាលក្រុមរបស់អង់គ្លេស។ ចំណែកឯគ្រាប់បាល់ទីមួយ គឺជាការប្រើដៃលេងបាល់ ដែលត្រូវបានគេស្គាល់ថាជាគ្រាប់បាល់ "Hand of God" ដែលជាគ្រាប់បាល់មួយដែលស្ទើរតែប្រាកដជានឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយនៅក្នុងយុគសម័យដែលមានបច្ចេកវិទ្យា VAR នាពេលបច្ចុប្បន្ននេះ។
សម្រាប់ Maradona និងប្រជាជនអាហ្សង់ទីនជាច្រើន វាមិនមែនជាការបន្លំឡើយ។ វាគឺជាជ័យជម្នះរបស់អ្នកទន់ខ្សោយទៅលើអ្នកមានអំណាច។

លោក Maradona បានសរសេរនៅក្នុងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកមានចំណងជើង "El Diego" ថាវាលើសពីការយកឈ្នះក្រុមបាល់ទាត់មួយទៅទៀត វាគឺជាការយកឈ្នះលើប្រទេសមួយ។ ជាការពិតណាស់ មុនពេលការប្រកួត យើងបាននិយាយថា បាល់ទាត់មិនមានអ្វីពាក់ព័ន្ធនឹងសង្គ្រាមកោះ Malvinas ឡើយ ប៉ុន្តែយើងដឹងថាក្មេងៗអាហ្សង់ទីនជាច្រើនបានស្លាប់នៅទីនោះ ត្រូវបានគេបាញ់ទម្លាក់ដូចជាសត្វចាបអញ្ចឹង។ នេះគឺជាការសងសឹក"។

ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាហ្សង់ទីន គឺជាទំនាក់ទំនងដ៏រំជើបរំជួល និងចម្រុះដោយក្តីស្រឡាញ់ផង និងការស្អប់ខ្ពើមផងជាយូរមកហើយផង។ តាមពិតទៅបើនិយាយពីប្រវត្តិបាល់ទាត់នៅអាហ្សង់ទីនវិញគគឺក្រុមអ្នកចំណាកស្រុកជនជាតិអង់គ្លេស ដែលភាគច្រើនជាកម្មករផ្លូវរថភ្លើង ជាអ្នកនាំយកកីឡាបាល់ទាត់មកកាន់ប្រទេសអាហ្សង់ទីនដំបូងបង្អស់នៅក្នុងសតវត្សទី ១៩ ដែលជាអ្វីមួយដែលនៅតែឆ្លុះបញ្ចាំងរហូតមកដល់សព្វថ្ងៃនេះតាមរយៈឈ្មោះរបស់ក្រុមមួយចំនួន ជាក្លឹប River Plate ឬក្លឹបដំបូងបង្អស់របស់ Lionel Messi គឺក្លឹប Newell's Old Boys ជាដើម។

ជនជាតិអង់គ្លេសក៏បាននាំយកមកនូវប្រព័ន្ធធនាគារ ការវិនិយោគ និងផ្លូវរថភ្លើង ដើម្បីអនុញ្ញាតឱ្យមានការនាំចេញសាច់គោ និងអាហារផ្សេងៗទៀតពីតំបន់វាលស្មៅ Pampas ហើយវាបានបង្កើតជាទំនាក់ទំនងបែបពាក់កណ្តាលអាណានិគម។ កីឡាផ្សេងទៀតក៏បានមកដល់ផងដែរ ដូចជាកីឡាប៉ូឡូ (Polo) និងកីឡាបាល់ឱប (Rugby) ដែលកីឡាទាំងពីរនេះត្រូវបានលេងក្នុងកម្រិតខ្ពស់នៅអាហ្សង់ទីននាពេលបច្ចុប្បន្ន។ ប៉ុន្តែទំនាក់ទំនងនេះ ជារឿយៗមានលក្ខណៈលំអៀងទៅខាងម្ខាង ហើយការមិនពេញចិត្តចំពោះក្រុមអ្នកមានអំណាចដែលមាននិន្នាការនិយមអង់គ្លេសបានចាប់ផ្តើមកើតមានឡើង សូម្បីតែនៅពេលដែលជនជាតិអង់គ្លេសបានដកខ្លួនចេញជាបណ្តើរៗនៅក្នុងពាក់កណ្តាលសតវត្សទី ២០ ក៏ដោយ។

បន្ទាប់ពីឆ្នាំ ១៩៨៦ ការជួបគ្នាក្នុងបាល់ទាត់ពិភពលោកបន្ទាប់គឺនៅក្នុងឆ្នាំ ១៩៩៨ដែលបារាំងធ្វើម្ចាស់ផ្ទះ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយត្រូវបានគេចងចាំបំផុតតាមរយៈកាតក្រហមដែលផ្តល់ទៅឱ្យ David Beckham ហើយការប្រកួតនោះអាហ្សង់ទីនឈ្នះ៤ទល់៣ដោយការកាត់សេចក្តីទាត់បាល់១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ២ទល់២ក្នុង១២០នាទី។

បួនឆ្នាំក្រោយមកទៀត គឺបាល់ទាត់ពិភពលោក២០០២ កូរ៉េ-ជប៉ុនជាម្ចាស់ផ្ទះ គ្រាប់បាល់របស់ Beckham បានជួយឱ្យអង់គ្លេសឈ្នះអាហ្សង់ទីនក្នុងវគ្គចែកពូល។ នោះគឺជាការជួបគ្នាចុងក្រោយរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ គឺជារឿងរ៉ាវនៃការផ្សារភ្ជាប់គ្នារវាងវប្បធម៌ដោយអង់គ្លេសនាំយកបាល់ទាត់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៅឱ្យ និងការឈឺចាប់ពីសង្គ្រាម និងការមើលងាយ ដែលធ្វើឱ្យរាល់ការជួបគ្នារបស់ពួកគេមានលក្ខណៈលើសពីកីឡា។

ចំពោះស្ថានភាពបច្ចុប្បន្ននៃជម្លោះកោះហ្វកឡេន (Falkland Islands ឬ Islas Malvinas) នៅក្នុងឆាកនយោបាយអន្តរជាតិ បាននិងកំពុងឡើងកម្ដៅខ្លាំងជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២៦ នេះ ដោយសារការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់មហាអំណាច និងការប៉ះទង្គិចសម្តីគ្នាចំពេលអង់គ្លេស និងអាហ្សង់ទីនជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦នេះ។

ក្នុងនោះកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Pablo Quirno បានសរសេរអត្ថបទផ្សាយលើសារព័ត៌មាន La Nación ដោយហៅការគ្រប់គ្រងរបស់អង់គ្លេសថាជា "ការកាន់កាប់ខុសច្បាប់"។ លោកបានវាយប្រហារថា ប្រជាជនរស់នៅលើកោះហ្វកឡេនសព្វថ្ងៃ គឺជាប្រជាជនដែល "ត្រូវបានបង្កើតឡើងជាសិប្បនិម្មិត" ដោយអង់គ្លេស ហើយការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៣ (ដែល ៩៩.៨% ចង់នៅជាមួយអង់គ្លេស) គឺគ្មានតម្លៃច្បាប់ឡើយ។ លោកក៏បានថ្កោលទោសផែនការខួងប្រេងរបស់អង់គ្លេសនៅជុំវិញកោះនោះផងដែរ។

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer និងរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper បានវាយបកភ្លាមៗ ដោយបដិសេធការលើកឡើងរបស់អាហ្សង់ទីន ។ អង់គ្លេសអះអាងថា ដែនអធិបតេយ្យភាពកោះនេះគឺជារបស់ចក្រភពអង់គ្លេសដាច់ខាត ហើយសិទ្ធិសម្រេចវាសនាខ្លួនឯងរបស់ប្រជាជនលើកោះគឺជាចំណុចសំខាន់បំផុត។

ជម្លោះនេះបានឡើងកម្ដៅតាំងពីខែមេសា-ឧសភា ឆ្នាំ២០២៦ មកម្ល៉េះ បន្ទាប់ពីមានបែកធ្លាយអនុស្សរណៈផ្ទៃក្នុងរបស់ក្រសួងសង្គ្រាមអាមេរិក។ យោងតាមរបាយការណ៍ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានពិភាក្សាអំពីលទ្ធភាពនៃការពិចារណាឡើងវិញលើការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពអង់គ្លេសលើកោះហ្វកឡេន ដើម្បីឆ្លើយតបនឹងជំហរមិនដាច់ស្រឡះរបស់អង់គ្លេសលើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្យាយាមសម្រាលសង្រ្គាមចិត្តសាស្ត្រនេះ ដោយបញ្ជាក់ថា អាមេរិកនៅតែរក្សាជំហរ "អព្យាក្រឹត" ដដែលក៏ដោយ ប៉ុន្តែវាបានផ្តល់ឱកាសឱ្យប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei (ដែលស្និទ្ធនឹងលោក ត្រាំ) ប្រកាសជាថ្មីថាលោកនឹងប្រើប្រាស់ផ្លូវការទូតដើម្បី "យកកោះនេះត្រឡប់មកវិញ"។

រីឯជំហររបស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំនាខែមិថុនា ឆ្នាំ២០២៦ នៅតែបន្តចាត់ទុកកោះហ្វកឡេនជា "ដែនដីមិនទាន់មានស្វ័យគ្រប់គ្រង" និងអំពាវនាវឱ្យប្រទេសទាំងពីរចូលតុចរចាដោយសន្តិវិធី ខណៈដែលប្រទេសចិនបន្តបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការទាមទាររបស់អាហ្សង់ទីនលើកោះនេះ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅអាមេរិកខាងត្បូង។
ភាពតានតឹងផ្នែកការទូតចុងក្រោយបង្អស់នេះ បានផ្ទុះឡើងចំពេលដែលក្រុមបាល់ទាត់ទាំងពីរត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកនៅទីក្រុងអាត្លង់តា នាព្រឹកថ្ងៃព្រហស្បត្តិ៍។ ហើយសម្រែកច្រៀងរាំរំលឹកដល់កោះម៉ាល់វីណាសពីសំណាក់អ្នកគាំទ្រអាហ្សង់ទីន បានធ្វើឱ្យអាជ្ញាធរអាមេរិកបង្កើនការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ព្រោះខ្លាចមានការប៉ះទង្គិចគ្នាដោយសារគំនុំនយោបាយ៕