ក្លិបយក្សតួកគី Fenerbahce បានប្រកាសជាផ្លូវការ ពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជនជាតិអង់គ្លេស Mason Greenwood ពីក្លិបបារាំង Olympique de Marseille ក្នុងតម្លៃផ្ទេរ ៣៩ លានអឺរ៉ូ។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul បានបញ្ជាក់ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទាំងជាមួយកីឡាករ និងក្លិប Marseille រួចរាល់ហើយ ដោយថ្លៃផ្ទេរនឹងត្រូវបង់ជាបីដំណាក់កាលស្មើៗគ្នា ក្នុងរយៈពេលបីឆ្នាំខាងមុខ។
Fenerbahce ក៏នឹងទទួលបន្ទុកលើការទូទាត់ថ្លៃ ប្រាក់ចំណែកអភិវឌ្ឍន៍ (Solidarity Payments) ដែលកើតឡើងស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ។
Solidarity Payments គឺជាប្រាក់ដែលក្លិបទិញកីឡាករត្រូវបែងចែកទៅឱ្យក្លិបដែលធ្លាប់បណ្តុះបណ្តាលកីឡាករនោះក្នុងវ័យកុមារ ឬយុវជន ស្របតាមបទប្បញ្ញត្តិរបស់ FIFA ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍយុវជន។
Greenwood វ័យ ២៤ ឆ្នាំ បានផ្ទេរពី Manchester United ទៅកាន់ Marseille កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសន្យារយៈពេល ៥ ឆ្នាំ បន្ទាប់ពីបញ្ចប់ទំនាក់ទំនងដ៏យូរអង្វែងជាមួយក្លិបនៅ Premier League។
ក្នុងរយៈពេលពីររដូវកាលជាមួយ Marseille ខ្សែប្រយុទ្ធដែលអាចលេងបានច្រើនតួនាទីរូបនេះ រកបាន ៣៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៦ ប្រកួតនៅលីគកំពូលបារាំង។
Fenerbahce សង្ឃឹមថា Greenwood នឹងជួយបង្កើនប្រសិទ្ធភាពតំបន់ប្រយុទ្ធ និងជាកម្លាំងសំខាន់ក្នុងការប្រជែងពានរង្វាន់លីគកំពូលតួកគី ដែលក្លិបខកខានឈ្នះតាំងពីឆ្នាំ ២០១៤៕ អត្ថបទ៖នាង សុភាវុធ


