អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាគោរព និងផ្តល់តម្លៃខ្ពស់ដល់ក្រុម AOT ក្នុងការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់រវាងកម្ពុជា និងថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។
បន្ទាប់មក បន្តចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅវត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៣៩៥គ្រួសារ ខណៈរហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្នុងស្មារតីគោរពកិច្ចព្រមព្រៀងនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូត៩លើកហើយទៅកាន់ភាគីថៃ គិតចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមាន ដើម្បីស្នើបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការចម្រុះJBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង ប៉ុន្តែ ភាគីថៃនៅមិនទាន់បានធ្វើតាមសំណើរនេះនៅឡើយទេ៕
ឯកឧត្តម ប៉ែន បូណា ថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាគោរព និងផ្តល់តម្លៃខ្ពស់ដល់អាណត្តិនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់ ក៏ដូចជាអនុវត្តន៍ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់»។
ឯកឧត្តមបន្តថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
