ប្រភពសន្តិសុខពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ៥០នាក់ ក្នុងនោះមានស្ត្រី និងកុមារ ត្រូវបានគេសង្ស័យថា បានបាត់ខ្លួននៅក្នុងសមុទ្រ ខណៈមនុស្ស ១០នាក់ បានរស់រានមានជីវិត បន្ទាប់ពីទូកឈើរបស់ពួកគេ បានក្រឡាប់លិចកាលពីថ្ងៃអង្គារ នៅសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសលីប៊ី។
អ្នករស់រានមានជីវិតទាំងនោះ ត្រូវបានជួយសង្គ្រោះ នៅក្បែរកោះ El-Bardaa ដែលស្ថិតនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រ (៤៣ម៉ាយ) ភាគខាងលិចទីក្រុង Tobruk ដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
ចាប់តាំងពីលោក Muammar Qaddafi ត្រូវបានផ្តួលរំលំ ក្នុងអំឡុងការបះបោរឆ្នាំ ២០១១ ដែលទទួលបានការគាំទ្រពីអង្គការណាតូមក លីប៊ីបានក្លាយជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ដែលភៀសខ្លួនពីជម្លោះ និងភាពក្រីក្រ ដើម្បីធ្វើដំណើរទៅកាន់អឺរ៉ុប តាមរយៈផ្លូវដ៏គ្រោះថ្នាក់ឆ្លងកាត់វាលខ្សាច់ និងសមុទ្រមេឌីទែរ៉ាណេ។
ប្រភពសន្តិសុខបាននិយាយថា ទូកនោះបានដឹកជនអន្តោប្រវេសន៍ប្រមាណ ៦០នាក់។ បើយោងតាមអ្នកនៅរស់រានមានជីវិត ទូកបានចេញដំណើរតាំងពីព្រឹកព្រលឹម។
ប្រភពបានឲ្យដឹងទៀតថា ជនអន្តោប្រវេសន៍ទាំងនោះ បានមកពីប្រទេសនានា នៅអនុតំបន់សាហារ៉ានៃអាហ្រ្វិកខាងត្បូង។ ប្រភពទាំងនោះសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ៕

