បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីល្ងាចថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បានឱ្យដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហារបន្ថែមមួយជុំទៀត លើប្រទេសអ៊ីរ៉ង់ ដោយបានវាយប្រហារ «គោលដៅយោធារាប់សិបកន្លែង» នៅជិតច្រកសមុទ្រ Hormuz និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់។
CENTCOM បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះចម្បាំង យានដ្រូន និងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារដោយអាវុធជាក់លាក់ លើទីតាំងមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ សមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធការពារឆ្នេរសមុទ្រ អំឡុងប្រតិបត្តិការរយៈពេល ៧ម៉ោង ដើម្បីធ្វើឱ្យចុះខ្សោយបន្ថែមទៀតដល់សមត្ថភាពរបស់អ៊ីរ៉ង់ ដែលគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមនាវិកស៊ីវិល»។
យោងតាមសេចក្តីថ្លែងការណ៍នេះ បានឱ្យដឹងទៀតថា ការវាយប្រហារទាំងនេះបានធ្វើឡើងនៅថ្ងៃតែមួយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ផ្តើមឡើងវិញនូវការបិទផ្លូវទឹក ចំពោះនាវាទាំងឡាយណាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេររបស់ប្រទេសអ៊ីរ៉ង់។
CENTCOM បានបញ្ជាក់បន្ថែមថា៖ «កងកម្លាំងសហរដ្ឋអាមេរិកនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ មានសមត្ថភាពកម្ទេចសត្រូវ និងត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តប្រតិបត្តិការនានា ដែលដាក់ចេញដោយអគ្គមេបញ្ជាការ»។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំង២ បានវាយតបតគ្នាទៅវិញទៅមក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះរបស់គូអរិទាំង២ និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕


