មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទីក្រុង Odesa និងទីក្រុង Mykolaiv ហើយអ៊ុយក្រែននិយាយថា ពួកគេបានបើកការវាយប្រហារយានដ្រូនលើនាវា ២០គ្រឿងរបស់រុស្ស៊ី ពេលដែលភាគីសង្រ្គាមទាំង ២ បង្កើនការវាយប្រហាររបស់ពួកគេនៅក្នុងសមុទ្រខ្មៅ និងផ្លូវពាណិជ្ជកម្មសំខាន់ៗជាច្រើនទៀត ។
អភិបាលតំបន់ Odesa លោក Oleh Kiper និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ី លើតំបន់ភាគខាងត្បូងមួយនេះ បានបន្តដល់ថ្ងៃទី ៥ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឧស្សាហកម្ម និងកំពង់ផែ ស្ថិតក្រោមការវាយប្រហារ ។

ចំណែកឯលោក Serhiy Lysak គឺជារដ្ឋបាលយោធាទីក្រុង Odesa និយាយថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងរបស់លោក ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការវាយប្រហារលើកំពង់ផែទីនៅក្រុង Odesa និងទីក្រុង Chernomorsk ដោយពួកគេនិយាយថា កងកម្លាំងរុស្ស៊ីកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដើម្បីស្តុកប្រេង និងយានដ្រូន ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនលើកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន ស្ថិតនៅក្នុងតំបន់ Odesa ៕
