
ក្រុមអ្នកស្រុកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្រិតទឹកទាបនៅទំនប់ទឹក Angat Dam របស់ប្រទេសហ្វីលីពីន បានធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនជាតិភាគតិចជួបការលំបាកខ្លាំងនៅជុំវិញអាងស្តុកទឹកមួយនេះ ។
ភាគច្រើននៃអ្នករស់នៅតំបន់នោះគឺជាសហគមន៍ជនជាតិភាគតិច Dumagat ហើយនិងអ្នកនេសាទដូចជារូបលោក Jojo Santos ដែលស្ថានភាពអាកាសធាតុស្ងួតរយៈពេលយូរបែបនេះ បានធ្វើឲ្យរំខានដល់ការរស់នៅរបស់ពួកគេ ។
លោក Santos និយាយថា កម្រិតទឹកក្នុងអាងស្តុកទឹកធ្លាក់ចុះជារៀងរាល់ឆ្នាំ ប៉ុន្តែការធ្លាក់ចុះឆ្នាំនេះ មានកម្រិតធ្ងន់ធ្ងរខ្លាំង ។
លោកនិយាយថា បើទោះបីជាកម្រិតទឹកធ្លាក់ចុះយ៉ាងណាក្តី តាមធម្មតាស្ថានភាពទឹកនៅពេលនេះនៃឆ្នាំ អាចនេសាទត្រីបាន ប៉ុន្តែឆ្នាំនេះ ទឹកនៅតែល្អក់ ដោយសារវានៅជិតបាតបឹង ធ្វើឲ្យពិបាកចាប់ត្រី ។
យោងតាមការអះអាងរបស់រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន(PAGASA)និយាយថា នៅថ្ងៃពុធនេះ កម្រិតទឹកមានកម្ពស់ប្រហែល ១៥៥ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ពោលគឺធ្លាក់ចុះក្រោមកម្រិត ១៦០ម៉ែត្រ ដែលជាកម្រិតធម្មតាអាចនេសាទត្រីបាន ។
រដ្ឋបាល PAGASA រាយការណ៍ទៀតថា កម្រិតខ្យោយនេះ បណ្តាលមកពីបាតុភូតធម្មជាតិអែល នីញ៉ូ បន្តមាននៅតំបន់ប៉ាស៊ីហ្វិកត្រូពិក ហើយត្រូវបានគេព្យាករថា វានឹងកាន់តែខ្លាំងក្លាទៅនៅត្រីមាសចុងក្រោយ ក្នុងឆ្នាំ ២០២៦ ៕