អ្នកការទូតសហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីថ្ងៃពុធ ១៥កក្កដាសប្ដាហ៍នេះថា ក្រុមប្រេសិតសហភាពអឺរ៉ុបពុំទាន់ឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មលើកទី ២១ ប្រឆាំងនឹងរុស្ស៊ីដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែននៅឡើយទេ បន្ទាប់ពីការជជែកគ្នារយៈពេល៣ថ្ងៃមកនេះ។

អ្នកការទូតរូបនេះបានបន្ថែមថា ក្រុមប្រេសិតសហភាពអឺរ៉ុប បានយល់ព្រមរក្សាកម្រិតកំណត់តម្លៃលើប្រេងរបស់រុស្ស៊ីឱ្យនៅដដែលនៅកម្រិតបច្ចុប្បន្ន ៤៤,១០ ដុល្លារក្នុងមួយបារ៉ែលរហូតដល់ថ្ងៃទី ២៣ ខែកក្កដា ខណៈការពិភាក្សានៅតែបន្តលើកញ្ចប់ទណ្ឌកម្មលើកទី ២១ នោះ។

កម្រិតកំណត់តម្លៃដែលគាំទ្រដោយសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តក្រុមប្រទេសG7 ត្រូវបានបង្កើតឡើងវិញកាលពីឆ្នាំមុនដើម្បីឱ្យមានភាពស្វាហាប់ជាងមុន និងតាមដានតម្លៃប្រេង។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានព្រមានរួចហើយនៅសប្តាហ៍នេះថា បណ្តាប្រទេសសហភាពអឺរ៉ុបមិនទាន់បានឯកភាពលើកញ្ចប់ទណ្ឌកម្មលើកទី ២១ ដ៏ទូលំទូលាយនេះនៅឡើយទេ។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុបមិនទាន់សម្រេចចិត្តលើការរឹតបន្តឹងលើឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីនៅឡើយទេ។
ដំបូងឡើយ សហភាពអឺរ៉ុបបានស្នើឡើងនូវកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតនេះប្រឆាំងនឹងទីក្រុងមូស្គូកាលពីខែមិថុនា ដោយមានគោលបំណងធ្វើឱ្យខូចដល់វិស័យធនាគារនៅក្នុងប្រទេសរុស្ស៊ី។
កញ្ចប់នេះផ្តោតលើធនាគារ និងបណ្តាញរូបិយប័ណ្ណគ្រីបតូរបស់ប្រទេសរុស្ស៊ី ក៏ដូចជាការផលិតយានដ្រូន ក្រុមហ៊ុនជួញដូរប្រេង និងរោងចក្រចម្រាញ់ប្រេង ជាដើម៕