(ហ្វីលីពីន)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបើកការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២ ល្ងាចថ្ងៃទី១៥ ខែកក្កដា មុនបន្ដជួបក្រុមខ្លាំងឥណ្ឌូនេស៊ីនាល្ងាចនេះ។
លទ្ធផលនេះគឺជាសញ្ញាណមួយដ៏ល្អ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជា ហើយក៏បង្ហាញភាពខ្លាំងជាថ្មី ដែលកម្ពុជា ធ្លាប់បានយកឈ្នះជាបន្ដបន្ទាប់ កាលពីបួនប្រាំឆ្នាំមុន មុនកម្ពុជាបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ដោយមិនស្គាល់ជ័យជម្នះទាល់តែសោះ។
បែបនេះក្ដី ក្រុមបាល់ទះកម្ពុជា បានចំណាយពេល ៥សិត ទម្រាំអាចយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្រោយការវាយបកឈ្នះគ្នាទៅវិញទៅមក ក្នុងនោះសិតទី១ កម្ពុជាបានយកឈ្នះ ២៥-២៣ តែត្រូវហ្វីលីពីន វាយបកឈ្នះ ៣០-២៨ នៅសិតទី២ ខណៈសិតទី៣ កម្ពុជា បានបន្ដយកឈ្នះ ២៥-២០។ ប៉ុន្ដែឱកាសផ្ដាច់យក ៣ពិន្ទុរបស់កម្ពុជា ត្រូវភ្លាតជាថ្មី នៅសិតទី៤ ក្រោយហ្វីលីពីន យកឈ្នះវិញ ២៥-២២ មុនកម្ពុជា វាយផ្ដាច់យកឈ្នះ ១៥-៨ពិន្ទុ នៅសិតទី៥។
នេះគឺជាជ័យជម្នះលើកដំបូង សម្រាប់ការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់កម្រិតទី១ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោយរងបរាជ័យ ៨ប្រកួតពេញ កាលពីរដូវកាលមុន ហើយក៏ជការសម្រេចបំណងសងសឹកលើក្រុមជម្រើសជាតិហ្វីលីពីនដូចគ្នា ដ្បិតជួបគ្នា ២ជើង កាលពីឆ្នាំ២០២៥ កម្ពុជា ចាញ់ហ្វីលីពីន ៣-២សិត នៅជើងទី១ មុនបន្ដចាញ់ ៣-១សិត នៅជើងទី២។
ជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទះកម្ពុជា មានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ តែត្រូវចាំអ៊ុតការប្រកួតចុងក្រោយរបស់ខ្លួន ក៏ដូចជាជំនួបបញ្ចប់ពូលA ។ សម្រាប់ការប្រកួតបន្ទាប់កម្ពុជា នឹងត្រូវជួបក្រុមជើងឯកឆ្នាំចាស់ ឥណ្ឌូនេស៊ី វេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ មុនជំនួបបញ្ចប់ពូល រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នាថ្ងៃស្អែក។ ផ្អែកលើរូបមន្ដការប្រកួត ក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមឈរលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕














