ក្នុងឱកាសដំណើរទស្សនកិច្ចការងារថ្ងៃទីពីរនៅប្រទេសចិន ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថាដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរបស់សម្ដេចធិបតី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺបានគូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តមថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាពេលនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
បើតាមឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យរបស់សម្ដេចធិបតី បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចការងារនេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ផងដែរ៕





