
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ រៀបចំពិធីអបអរសាទរព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ឆ្នាំ២០២២ ក្នុងឱកាសនៃការចូលរួម ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម។
ប្រភពពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាមួយប្រធានបទ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងសំខាន់ចំនួនបី គឺ ៖ កាលានុវត្តភាព វឌ្ឍនភាព និងនិរន្តរភាព ត្រូវបានរៀបចំ ឡើងនៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម នៅលើផ្ទៃដីចំនួន ៤៣៨ហិកតា ដោយមានការចូលរួមពីប្រទេស និងអង្គការ អន្តរជាតិធំៗ ចំនួន ១៩២។
ពិព័រណ៍ពិភពលោក ២០២០ ឌុយ ត្រូវបានបើកសម្ពោធ ជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ ហ្សែគ មូហាម៉ត ប៊ីន រ៉ាស៊ីត ល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្ត្រី និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ និងបើកឱ្យ ដំណើរការគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានរយៈពេល ៦ខែ ស្មើនឹង ១៨២ថ្ងៃ ដោយបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាបានចំនួន ២៤.១០២៩៦៧នាក់៕



