នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ។ នេះបើយោងតាមឱ្យដឹងពីការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនេះបានបញ្ជាក់ថា ពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham «ហាក់ដូចជាត្រូវបានពន្យារពេលរហូតដល់ចុងខែ»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា «ដោយហេតុនេះ នាយករដ្ឋមន្ត្រីនឹងមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយនោះទេ»។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃពុធថា លោក Netanyahu ត្រូវបានគេរំពឹងថា នឹងចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ដើម្បីជួបពិភាក្សជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃចន្ទ ហើយចូលរួមពិធីបុណ្យសពរបស់លោក Graham នៅថ្ងៃអង្គារ។
តែនៅយប់ថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា គ្មានកិច្ចប្រជុំ រវាងលោក Trump និងលោក Netanyahu ស្ថិតនៅក្នុងកាលវិភាគរបស់ប្រធានាធិបតី សម្រាប់សប្តាហ៍ក្រោយនោះទេ។
យ៉ាងណាក្ដី ការលុបចោលការធ្វើដំណើរនេះកើតឡើង ទោះបីជាមានទំនាក់ទំនងជិតស្និទ្ធ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលថ្មីៗនេះមានភាពតានតឹងដោយសារការខ្វែងគំនិតគ្នា លើគោលនយោបាយក្នុងតំបន់។ លោក Trump បានអំពាវនាវឱ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសលីបង់ និងស៊ីរី ខណៈដែលលោក Netanyahu បានប្រឆាំងនឹងចំណាត់ការបែបនេះ៕
