ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអាជ្ញាធរស៊ីរី បានធ្វើឲ្យខកខានការប៉ុនប៉ងរត់ពន្ធអាវុធទំនើប និងមីស៊ីលឆ្លងកាត់ព្រំដែនចេញពីប្រទេសអ៊ីរ៉ាក់ ទៅកាន់ក្រុមហេសបូឡូ នៅប្រទេសលីបង់ ។
ទីភ្នាក់ងារព័ត៌មាន SANA រាយការណ៍បែបនេះ ដោយលើកឡើងពីប្រភពរបស់ក្រសួងមហាផ្ទៃស៊ីរីដែលនិយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា ការដឹកជញ្ជូនអាវុធខាងលើ មានគោលដៅទៅកាន់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ។
កាលពីខែមិថុនាកន្លងទៅ ប្រនាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកបាននិយាយជាមួយប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ពីការប្រយុទ្ធប្រឆាំងជាមួយក្រុមហេសបូឡា ។
លោក Al-Sharaa ដែលជាអតីតឧទ្ទាម ហើយបច្ចុប្បន្នគ្រប់គ្រងប្រទេសស៊ីរីនោះ បានធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលក្រុមមួយនេះ បានបញ្ចូនយុទ្ធជនរបស់ខ្លួន ឲ្យទៅគាំទ្រអតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad អំឡុងសង្រ្គាមស៊ីវិល ។
ដោយឡែក ការិយាល័យប្រធានាធិបតីលីបង់លោក Joseph Aoun និយាយថា លោក Al-Sharaa បានធានាដល់រូបលោកថា ស៊ីរីនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីបង់នោះឡើយ ៕