សេដ្ឋកិច្ចអាល្លឺម៉ង់ អាចខាតបង់ជាង ២០ពាន់លានអឺរ៉ូ (២៣ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ប្រសិនបើប្រទេសនេះជួបប្រទះរលកកម្ដៅធ្ងន់ធ្ងរជាប្រចាំ។ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ។
ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Prognos បានគណនាថា ជារៀងរាល់ថ្ងៃ ដែលសីតុណ្ហភាពលើសពី ៣៥អង្សាសេ អាចធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប (EU) ខាតបង់ជិត ១ពាន់លានអឺរ៉ូ (១,១៥ពាន់លានដុល្លារ)។
ការវិភាគ ដែលត្រូវបានរៀបចំ សម្រាប់សារប័ត៌មានចុះផ្សាយប្រចាំថ្ងៃផ្នែកធុរកិច្ចអាល្លឺម៉ង់ Handelsblatt បានប៉ាន់ប្រមាណថា រលកកម្ដៅកដ្ដៅខ្លាំង ក្នុងកំឡុងពេល ២សប្តាហ៍ចុងក្រោយនៃខែមិថុនាតែមួយ បានធ្វើឱ្យអាល្លឺម៉ង់ខាតបង់សេដ្ឋកិច្ចប្រមាណ ៦,៣២ពាន់លានអឺរ៉ូ (៧,២៥ពាន់លានដុល្លារ)។
ក្រុមហ៊ុន Prognos បានឱ្យដឹងទៀតថា អាល្លឺម៉ង់អាចប្រឈមនឹងរលកកម្ដៅ ៣ ឬ៤ ដែលមានអាំងតង់ស៊ីតេស្រដៀងគ្នារៀងរាល់ឆ្នាំ នាពេលអនាគត ដែលជំរុញឱ្យមានការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំលើសពី ២០ពាន់លានអឺរ៉ូ។
យោងតាមការសិក្សានេះ បានឱ្យដឹងបន្ថែមថា វិស័យផលិតកម្ម គឺរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកម្ដៅក្ដៅខ្លាំង បន្ទាប់មក គឺសេវាសុខភាព និងសង្គម ផ្នែកលក់រាយ សំណង់ និងឧស្សាហកម្មម្ហូបអាហារ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ការប៉ាន់ស្មានរបស់ពួកគេ មិនរាប់បញ្ចូលការចំណាយដែលអាចកើតមានជាច្រើនទៀតនោះទេ ក្នុងនោះរួមទាំងតម្លៃថាមពលខ្ពស់ ការខូចម៉ាស៊ីន ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងជាដើម៕