សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) បានប្រាប់ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែបើកចំហ ចំពោះការទូតជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែកំពុងជជែកជាមួយទីក្រុងតេអេរ៉ង់ ទោះបីជាមានការបន្តអរិភាពក៏ដោយ។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីលោក Trump បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ចំពោះការដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ជាការវិវត្តមួយដែលត្រូវបានគេមើលឃើញថា ជាការបើកចំហ សម្រាប់លទ្ធភាពការទូត។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតីនឹងឱ្យពួកគេទទួលខុសត្រូវ នៅពេលដែលពួកគេងាកចេញពីពាក្យសម្ដីដែលពួកគេនិយាយជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែលោកតែងតែបើកចំហចំពោះការទូត ក្នុងពេលតែមួយ»។

លោកស្រីបានបន្ថែមថា៖ «ពួកគេបានបង្ហាញថា ពួកគេនៅតែចង់មានកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតី។ យើងកំពុងជជែកជាមួយពួកគេ ប៉ុន្តែជាថ្មីម្តងទៀត លោកប្រធានាធិបតីនឹងមិនបណ្ដោយឱ្យពួកគេបាញ់ប្រហារនាវា នៅក្នុងច្រកសមុទ្រ (Hormuz) តាមអំពើចិត្តឡើយ ពោលគឺត្រូវតែទទួលផលវិបាក សម្រាប់ការធ្វើបែបនោះ»។
គួរបញ្ជាក់ថា បទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាលពីខែមិថុនា គឺស្ថិតក្នុងស្ថានភាពរង្គោះរង្គើ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនជុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញ នៅក្នុងច្រកសមុទ្រ Hormuz។ ហើយលោក Trump ក៏បានព្រមានផងដែរថា លោកអាចពង្រីកការវាយប្រហារ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនវិលមកចរចាវិញទេនោះ៕
