ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) ថា ស្ថាប័នតុលាការអ៊ីរ៉ង់ បានឱ្យដឹងថា គ្មានអ្នកទោសអាមេរិកណាម្នាក់ត្រូវបានដោះលែង ឬដោះដូរពីពន្ធនាគាររបស់ខ្លួនឡើយ ដោយការបញ្ជាក់នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន អំឡុងរដ្ឋបាលរបស់លោក Joe Biden ក្នុងឆ្នាំ២០២៤ ទទួលបានសេរីភាពហើយ។

ស្ថាប័នតុលាការបានឱ្យដឹងថា ការពិនិត្យបានបង្ហាញថា គ្មានអ្នកទោសអាមេរិកដែលត្រូវបានកាត់ទោស បុគ្គលដែលត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ដែលត្រូវគ្នានឹងការពិពណ៌នារបស់លោក Trump ឬអ្នកទោសអាមេរិកផ្សេងទៀតត្រូវបានដោះលែង ឬដោះដូរពីពន្ធនាគាររបស់អ៊ីរ៉ង់នោះឡើយ។
លោក Trump បានអះអាងថា អ៊ីរ៉ង់បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យស្ត្រីរូបនោះចាកចេញពីប្រទេស។ លោក Trump បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា «ឥឡូវនេះ គាត់មានសុវត្ថិភាពនៅក្រៅប្រទេសអ៊ីរ៉ង់ ហើយស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយបន្ថែមថា «សហរដ្ឋអាមេរិកពេញចិត្ត ចំពោះកាយវិការសុច្ឆន្ទៈនេះរបស់អ៊ីរ៉ង់!»
លោក Trump មិនបានបញ្ចេញឈ្មោះស្ត្រីនោះ ឬពិពណ៌នាអំពីមូលហេតុដែលគាត់ត្រូវបានឃុំខ្លួននោះទេ ក្រៅពីបញ្ជាក់ថា គាត់ត្រូវបាន «ឃុំខ្លួនដោយខុសច្បាប់»៕
