ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញអារម្មណ៍ «ខឹងសម្បាយ៉ាងខ្លាំង» ចំពោះការរិះគន់ជាសាធារណៈរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះគម្រោងលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសទួរគី។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦)។

ដោយដកស្រង់សម្តីមន្ត្រីសេតវិមាន ២រូប សារព័ត៌មាននេះបានឱ្យដឹងថា មិនមានកិច្ចប្រជុំណាមួយ ត្រូវបានគ្រោងទុកទេ ទោះបីជាមានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា លោក Trump នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Netanyahu នៅថ្ងៃចន្ទសប្ដាហ៍ក្រោយក៏ដោយ។
មន្ត្រីម្នាក់ បើតាមសេចក្ដីរាយការណ៍ បាននិយាយថា លោក Trump មានកាខឹងសម្បារ ចំពោះការកត់សម្គាល់របស់លោក Netanyahu ក្នុងអំឡុងពេលផ្ដល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ពោលគឺមិនយូរប៉ុន្មាន មុនពេលប្រធានាធិបតីអាមេរិកធ្វើដំណើរទៅកាន់ទីក្រុង Ankara របស់ទួរគី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាទូ (NATO) នៅថ្ងៃទី ៧-៨ ខែកក្កដា។ ចំណែកមន្ត្រីម្នាក់ទៀតបានប្រាប់ថា លោក Trump ជឿថា លោក Netanyahu «គ្មានសិទ្ធិ» ជ្រៀតជ្រែក ក្នុងគម្រោងលក់អាវុធនេះទេ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានស្វែងរកការជួបជាមួយលោក Trump អស់រយៈពេលជាង ២សប្តាហ៍មកហើយ។ លោកបានទៅទស្សនកិច្ចការិយាល័យប្រធានាធិបតី Oval Office ចំនួន ៦ដង ចាប់តាំងពីលោក Trump បានវិលត្រឡប់មកកាន់តំណែងវិញ ក្នុងខែមករា ឆ្នាំ២០២៥៕
