លោក Andy Burnham នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានផ្ដល់ការសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងដឹកនាំគណបក្សការងាររបស់ចក្រភពអង់គ្លេស ទៅរកទិសដៅ «ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណគណបក្សយ៉ាងពិតប្រាកដ» ដោយបានបញ្ជាក់ថា នឹងបង្រួបបង្រួមគណបក្សឡើងវិញ ផ្ទេរអំណាចចេញពីវិមាន Westminster និងស្តារទំនុកចិត្តវិស័យនយោបាយឡើងវិញ បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់គណបក្ស។

នៅក្នុងសុន្ទរកថាដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំ លោក Burnham បានគូសបញ្ជាក់ពីផែនការ ៥ចំណុចដែលផ្តោតលើឯកភាពគណបក្ស ការកែលម្អនយោបាយ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះ លោកបានសន្យាថា នឹងកសាង «ក្រុមគណបក្សការងារតែមួយ» បង្កើត «នយោបាយថ្មីមួយ» ផ្លាស់ប្តូរទិសដៅនយោបាយរបស់គណបក្សការងារ ធ្វើជាតំណាង «គ្រប់ទីកន្លែង» នៅចក្រភពអង់គ្លេស និងផ្ទេរអំណាចពីវិមាន Westminster និង Whitehall ទៅសហគមន៍ក្នុងតំបន់។
ដោយពិពណ៌នាអំពីអាទិភាពទី៣ នៃផែនការរបស់លោក លោក Burnham បាននិយាយថា គណបក្សការងារ នឹងសហការជាមួយគណបក្សផ្សេងៗទៀតនៅពេលណាដែលអាចធ្វើទៅបាន ប៉ុន្តែនឹងធ្វើឡើង «ដោយឈរលើមូលដ្ឋាននៃការដឹងយ៉ាងច្បាស់លាស់ពីគោលជំហរពិតប្រាកដរបស់ខ្លួន»។
លោក Burnham ដែលហាក់ដូចជាមានអារម្មណ៍រំជួលចិត្ត នៅពេលលោកឡើងលើឆាកថ្លែងសុន្ទរកថា បានពោលពាក្យអរគុណដល់សមាជិកគណបក្ស ចំពោះការគាំទ្ររបស់ពួកគេ៕
