ប្រភពសន្តិសុខក្នុងតំបន់បាននិយាយថា នាល្ងាចថ្ងៃសុក្រ យានដ្រូនផ្ទុកគ្រឿងផ្ទុះចំនួន ៤ គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅក្បែរស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុង Erbil នៃតំបន់ឃើដឌីស្តង់ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់។ ទន្ទឹមនឹងនេះ យន្តហោះដ្រូនមួយគ្រឿងផ្សេងទៀត បានវាយប្រហារលើឃ្លាំងផ្ទុកគ្រាប់រំសេវ នៅក្នុងខេត្ត Sulaymaniyah ដែលនៅជាប់គ្នានោះ។
ប្រភពសន្តិសុខឃើដឌីស្តង់ម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យាន ដ្រូនទាំង ៤គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅជិតស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Erbil ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសឡើយ។
នៅក្នុងខេត្ត Sulaymaniyah យានដ្រូនដែលផ្ទុកគ្រាប់បែក បានវាយប្រហារឃ្លាំងអាវុធមួយ នៅក្នុងតំបន់ Tasluja ក្នុងរដ្ឋធានីខេត្តនេះ នៅល្ងាចថ្ងៃសុក្រ។ នេះបើយោងតាមប្រភព។
ប្រភពនេះដដែល បានបញ្ជាក់ថា ការវាយប្រហារនេះបានបង្កឲ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅនៅខាងក្នុងកន្លែងនោះ ដែលបានបណ្តាលឲ្យមានការផ្ទុះលើកទីពីរពីគ្រាប់រំសេវដែលរក្សាទុក ដោយបន្ថែមថាក្រុមការពារជនស៊ីវិលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះភ្លាមៗ ហើយបានធ្វើការដើម្បីពន្លត់អគ្គិ ភ័យដែលកំពុងឆាបឆេះ៕