ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ មន្រ្តីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សម្រេចធ្វើការបើកទ្វារទឹកនៅចំណុច អាងស្តុបទឹកទំនប់ទឹកតាម៉ុក មួយកន្លែងដើម្បីបញ្ចៀសបញ្ហាជនលិចមកលើផ្នែកខាងក្រោម ខណៈអាងទំនប់ស្តុបទឹកបឹងតាម៉ុកនេះ មានភ្លៀងធ្លាក់ផ្នែកខាងលើច្រើន។
លោក ញឺន កួន ប្រធានមន្ទីធនធានទឹក នឹងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខណៈអាកាសធាតុមានការប្រែប្រួលភ្លៀងធ្លាក់មិនទៀងទាត់ពិសេសក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅផ្នែកខាងជួរភ្នំដងរ៉ែក មានបរិមាណទឹកភ្លៀងធ្លាក់មានច្រើន នៃផ្នែកខាងលើនោះ មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យនៅគ្រប់តាមបណ្តាអាងស្តុបទឹកទាំងអស់ ដើម្បីពិនិត្យមើលចំពោះទ្វារទឹកកុំឲ្យមានការរអាក់រអួលខណៈដែលយើងចាំបាច់ត្រូវការប្រើប្រាស់បើកទ្វារទឹកប្រសិនបើចំនួនបរិមាណទឹក មានការកើនឡើងខ្ពស់ ដោយសារតែភ្លៀងធ្លាក់នោះ។
លោក បានបន្តថា ក្នុងនោះបន្ទាប់ពីធ្វើការត្រួតពិនិត្យនៅតាមបណ្តាអាងស្តុបទឹកទាំងអស់រួចមក យើងសម្រេចបើកទ្វារទឹកអាងស្តុបទឹកទំនប់ទឹកតាម៉ុកមួយកន្លែង ដើម្បីបញ្ចៀសបញ្ហាជនលិចមកលើផ្នែកខាងក្រោម ដោយសារតែទីតាំងអាងទំនប់ស្តុបទឹកបឹងតាម៉ុកនេះកន្លងមកនៅពេលមានភ្លៀងធ្លាក់ផ្នែកខាងលើច្រើនម្តងៗ វាអាចបង្ករឲ្យមានប្រភពបរិមាណទឹកច្រើនលើផ្នែកខាងលើផ្ទៃបឹងដែលជាបញ្ហាបង្ករឲ្យមានការជនលិចដល់ផ្ទះសម្បែងផលដំណាំកសិកម្មនានារបស់ប្រជាពលរដ្ឋ។
លោក បញ្ជាក់ថា ក្នុងនោះដែរក្រុមការងារបានត្រៀមលក្ខណៈសំភារៈនឹងគ្រឿងចក្រទុករួចជាស្រេចដើម្បីជួយសង្រ្គោះដល់បញ្ហានេះប្រសិនបើមានការជនលិចកើតឡើងដោយប្រការណាមួយនៅតាមមូលដ្ឋាននានានោះ៕ អត្ថបទ៖ ឃិន សារិទ្ធ




