ទីបញ្ជាការកណ្តាលនិយាយថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ក្រោយមន្រ្តីយោធា ២នាក់របស់ខ្លួន ត្រូវបានសម្លាប់នៅប្រទេសហ៊្សកដានី ហើយមន្រ្តីម្នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា នៅវេលាម៉ោង ៦ល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក ថ្ងៃសៅរ៍ កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ តាមការបញ្ជាពីមេបញ្ជាការកងទ័ព ។

ពួកគេបន្តថា ការវាយប្រហារនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ហើយនិងដាក់ទោសភ្លាមៗកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារលើសមាជិកយោធាសហរដ្ឋអាមេរិកនៅប្រទេសហ៊្សកដានី កាលពីយប់មិញ ។
គួរឲ្យដឹងថា ទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ បានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ នឹងប្តូរទៅដំណាក់កាលវាយលុកទ្រង់ទ្រាយធំ និងដ៏បំផ្លិចបំផ្លាញ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តការវាយប្រហាររបស់ខ្លួន ៕