អង្គការសហប្រជាជាតិ(UN) និយាយថា លោកអគ្គលេខាធិការ António Guterres មានការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងភាពតានតឹងយោធានៅតែបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់ និងនៅទូទាំងតំបន់ ។

ថ្លែងនៅបុរីញូវយ៉ក អ្នកនាំពាក្យ UN លោក Farhan Haq បានចាត់ទុកការវាយប្រហារបែបនេះ គឺជារឿងពុំអាចទទួលយកបាននោះទេ ហើយលោកនិយាយថា ប្រមុខ UN មានជំនឿថា គ្មានដំណោះស្រាយយោធាចំពោះជម្លោះនោះឡើយ ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានវាយប្រហារស្ពាន និងអាកាសយានដ្ឋានមួយកន្លែងនៅអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ជាហេតុធ្វើឲ្យទីក្រុងតេអេរ៉ង់ ឆ្លើយតបវិញជាមួយនឹងការវាយប្រហាររោងចក្របន្សុតទឹក និងរោងចក្រថាមពលនៅប្រទេសគូវ៉ែត ខណៈពួកគេព្រមានសត្រូវ ពីហានិភ័យកើនឡើងបន្ថែមទៀតនៃការវាយប្រហារ តាមរយៈការពង្រីកគោលដៅរបស់ពួកគេ រួមទាំងហេដ្ឋាចរនាសម្ព័ន្ធផងដែរ ។
នៅក្នុងសមុទ្រជាទីដែលជម្លោះថ្មីបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលចេញពីតំបន់ឈូងសមុទ្រនោះ កងម៉ារីនសហរដ្ឋអាមេរិក បានឡើងលើនាវាដឹកប្រេងមួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz ។
ដោយឡែក នាវាមួយគ្រឿងទៀត ត្រូវបានរឹបអូសដោយក្រុមប្រដាប់អាវុធនៅជិតប្រទេសយេម៉ែន បង្កឲ្យកើតមានក្តីបារម្ភចំពោះសន្តិសុខនៅចំណុចស្ទះដ៏ធំផ្សេងទៀតរបស់តំបន់មជ្ឈិមបូព៌ា សម្រាប់ការដឹកជញ្ជូនក្នុងសមុទ្រក្រហម ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននឹងកំពុងសាកល្បងការកើនឡើងភាពតានតឹងមានដែនកំណត់ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ បានដួលរលំកាលពីសប្តាហ៍មុន បង្កឲ្យមានទស្សនីយភាពនៃការវិលត្រឡប់ទៅរកសង្រ្គាមពេញបន្ទុកវិញ ៕