សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើទៅអ្នកវិភាគទាំងឡាយគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញទៅក្រៅ ខណៈរឿងទាំងនេះគឺជាការសម្ងាត់របស់ជាតិ។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចភ្ជាប់ជាមួយវីដេអូមួយ ជារូបភាពវីដេអូនេះចេញពី AI ដែលលោក ប៉ែន ប៊ុនរត្ឋ័ ផ្ញើមកសម្ដេច តែសម្ដេចយល់ថា មានប្រយោជន៍ក្នុងពេលដែលបណ្ឌិតមួយចំនួនតូចកំពុងពុលទឹកមាត់លើការវិភាគ។
សម្ដេចតេជោថ្លែងថា ប៉ុន្មានឆ្នាំមុនសម្បូរគ្រូជោគជ័យក្រោយមកសម្បូរព្រហ្ម ឥសី គ្រូបារមី គ្រូទាយ។ល។ ពេលនេះប្រទេសយើងចាប់ផ្តើមសម្បូរអ្នកវិភាគគ្រប់គ្រឿង និងគ្រប់រឿងរហូតដល់វិភាគមិនស្របជាមួយគ្នាទៀតផង។
សម្ដេចតេជោសង្គត់ធ្ងន់ថា ការមិនស្របគ្នាវាជាដំណើរធម្មតានៃការយល់ដឹងរបស់មនុស្ស និងជាផ្នែកមួយនៃការតស៊ូមតិនៃដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ អ្វីដែលសម្ដេចបានរំលឹកសូមកុំទុកឲ្យការខុសគ្នានូវមតិនេះបំផ្លាញនូវអង្គឯកភាពនៃស្ថាប័នជាតិដែលបំពេញការងារជាប្រចាំជូនជាតិ និងប្រជាជន។
សម្ដេចតេជោបញ្ជាក់ថា ការខុសគ្នាជាមួយពួកប្រឆាំងទោះប្រើពេលរាប់សិបរហូតរាប់រយឆ្នាំទៀតក៏គ្មានឥទ្ធិពលលើការងារនោះទេ។
សម្ដេចតេជោបានបញ្ជាក់ថា បញ្ញាវ័ន្តក្នុងស្ថាប័នជាតិកន្លងមក និងពេលនេះពួកគាត់មួយចំនួនមិនសូវបញ្ចេញយោបល់ជាពាក្យសំដីទេតែបញ្ចេញសកម្មភាពបម្រើប្រជាជនជាក់ស្តែងតែម្តងដែលសម្ដេចក៏ធ្លាប់និយាយថា «ទោះមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះដែរ»។
សម្ដេចតេជោថ្លែងបញ្ជាក់ថា៖«អ្វីដែលសម្ដេចគួរសុំបណ្តាអ្នកវិភាគគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញក្រៅព្រោះជារឿងសម្ងាត់របស់ជាតិ។ ប្រសិនមានអនុសាសន៍ជូនស្ថាប័នជាតិ គួរប្រជុំបិទទ្វារ និងបញ្ជូនមកស្ថាប័នជាតិដែលយើងចង់ជួយ»៕
