សារព័ត៌មានរដ្ឋរាយការណ៍ថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់ បានវាយប្រហារភូមិតំបន់ភ្នំមួយកន្លែងស្ថិតនៅខេត្តភាគខាងជើង Lai Chau ប្រទេសវៀតណាម ។

ទីភ្នាក់ងារព័ត៌មានវៀតណាមរាយការណ៍ថា ទឹកជំនន់ដ៏គំហក់នៅភូមិ Muong Than កាលពីព្រឹកថ្ងៃសុក្រ ក្រោយភ្លៀងធ្លាក់រយៈពេលច្រើនថ្ងៃ នៅតាមតំបន់ជាច្រើននៅភាគខាងជើង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសផងដែរ ។
ទីភ្នាក់ងាររាយការណ៍ទៀតថា តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានគេព្យាករថានឹងមានភ្លៀងធ្លាក់កម្ពស់ ២៥០មីលីម៉ែត្រ ហើយពួកគេបានព្រមានពីទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបន្ថែមទៀត ។
គួរឲ្យដឹងថា វៀតណាមងាយនឹងរងគ្រោះដោយសារព្យុះ និងទឹកជំនន់ស្លាប់មនុស្ស អំឡុងរដូវវស្សា ដែលកើតឡើងដល់កម្រិតកំពូល អំឡុងខែកក្កដា ដល់ខែកញ្ញា ។
យោងតាមទិន្នន័យរដ្ឋាភិបាល បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស ៤៨៩នាក់ នៅប្រទេសវៀតណាម កាលពីឆ្នាំមុន ៕
