រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាល TVET មានគុណតម្លៃស្មើនឹងការសិក្សាជំនាញផ្សេងៗ ហើយជួយឆ្លើយតបតម្រូវការទីផ្សារការងារ កសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឱ្យយុវជនជ្រើសរើសការសិក្សាជំនាញ TVET ដើម្បីមានជំនាញច្បាស់លាស់ និងបង្កើនឱកាសការងារ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សនិស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដែលមានអ្នកចូលរួមជាង ១ ៨០០នាក់ នាសាលសន្និសីទបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចាប់យកការសិក្សាជំនាញ TVET គឺជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ ៩០ភាគរយ ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តមក៏បានជំរុញឱ្យសិស្ស-និស្សិតបន្តរៀនសូត្រពេញមួយជីវិត ពង្រឹងជំនាញទន់ បង្កើនជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកយកប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកបញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ ប៉ុន្តែជាជំនាញដែលមានគុណតម្លៃស្មើនឹងមុខជំនាញផ្សេងៗ និងមានតួនាទីសំខាន់ក្នុងការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេស។
ឯកឧត្តម ហេង សួរ បានណែនាំដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពតកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។
សូមបញ្ជាក់ថា ពិធីប្រគល់សញ្ញាបត្រនេះបានប្រគល់ជូនសិស្ស-និស្សិតជ័យលាភីចំនួន ៥១៤អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យសរុប ២ ២០៨នាក់ ដែលរួមមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១, ២, ៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស៕





