សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំខេត្តកំពតបានគូសបញ្ជាក់ថា ជំនាញឌីជីថលលែងជា «ជម្រើស» ទៀតហើយ ប៉ុន្តែវាបានក្លាយជា «តម្រូវការចាំបាច់ដាច់ខាត» សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់និស្សិត ដែលត្រូវត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារប្រកួតប្រជែង។ហើយការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយដោះស្រាយបញ្ហាស្មុគស្មាញ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
ក្នុងពិធីធ្វើបាឋកថាស្តីពី«សិក្សាជំនាញឌីជីថលថ្ងៃនេះ ជាគ្រឹះនៃភាពជោគជ័យថ្ងៃស្អែក» នៅសាលសន្និសីទសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា មានិត សាកលវិទ្យាធិការរងប្រតិបត្តិ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុង យុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ និងការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ដែលកំពុងផ្លាស់ប្តូរទម្រង់នៃការរស់នៅ ការធ្វើការងារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយ៉ាងគំហុក។ ជំនាញឌីជីថលលែងជា «ជម្រើស» ទៀតហើយ ប៉ុន្តែវាបានក្លាយជា «តម្រូវការចាំបាច់ដាច់ខាត» សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ប្អូនៗជានិស្សិត ដែលត្រូវត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារការប្រកួតប្រជែង។ ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រាប់ចាប់តាំងពីចំណេះដឹងមូលដ្ឋាន រហូតដល់ ការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយ ឱ្យប្អូនៗអាចដោះស្រាយបញ្ហាស្មុគស្មាញ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដែលឆ្លើយតប ទៅនឹងនិន្នាការសកល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា ទទ្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឲ្យល្អប្រសើរ ប្អូនៗយុវសិស្ស និស្សិត ក៏ត្រូវចូលរួមចំណែកជួយដល់សង្គមផងដែរ តាមរយៈការខិតខំរៀនសូត្រ បង្កើនចំណេះ ជំនាញ និងសីលធម៌ល្អ ពិសេសត្រូវដើរឲ្យទាន់សង្គមឌីជីថល ដើម្បីងាយស្រួលស្វែងរកការងារធ្វើ និងជួយគ្រួសារ និងសង្គមបានច្រើន។ ហើយការជ្រើសរើសមុខវិទ្យាសិក្សាត្រូវផ្តោតតាមតម្រូវការការងាររបស់ខេត្តលើវិស័យ ទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម។
ឯកឧត្តម ហម សាវេត នាយកសាខាCUS ខេត្តកំពត បានឲ្យដឹងថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្មកម្ម វិធីសិក្សា ដោយបញ្ចូលនូវចំណេះដឹងផ្នែកបច្ចេកវិទ្យា ផ្នែកបញ្ញាសិប្បនិម្មិត(AI) និងនវានុវត្តន៍ថ្មីៗ ដើម្បីធានា ថានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់យើង មានសមត្ថភាពពេញលេញ ទាំងចំណេះដឹង ជំនាញឯកទេស(Hard Skills) និងជំនាញឌីជីថល (Digital Skills) ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ CUS មាននិស្សិតកំពុងសិក្សាសរុបចំនួន ១១.៧៤៧ នាក់ (នារី ៥.៧៨៨ នាក់) ក្នុងនោះនិស្សិតកំពុងសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាខាខេត្តកំពតចំនួន ១.២៤៤ នាក់ (នារី ៥៩៥ នាក់)។ ចំណែកក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ គ្រប់ទីតាំង និងសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជានឹងបើកដំណើរមហាវិទ្យាល័យ២បន្ថែមទៀត គឺ១/ មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនិងឧស្សហកម្មចំណីអាហារ(Faculty of Agricultural Science and Food Industry) និង ២/ មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល (Faculty of Digital Technology)៕




