ក្រុមមន្រ្តីជួយសង្រ្គោះនិយាយថា ផ្ទះសម្បែងប្រជាពលរដ្ឋជាង ១០០ខ្នង រងការបំផ្លិចបំផ្លាញនៅជិតទីក្រុង Drammen ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសន័រវែស ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមទប់ស្កាត់អណ្តាតភ្លើង ពេលដែលមានខ្យល់បក់ខ្លាំង។

ឧទ្ធម្ភាគចក្រត្រូវបានគេមើលឃើញចាក់ទឹកពីលើផ្ទះសម្បែងរងការឆាបឆេះ ស្ថិតក្នុងតំបន់ព្រៃ ។ លោក Frode Presthus គឺជាមេបញ្ជាការទទួលបន្ទុកដោះស្រាយគ្រោះអាសន្ន និយាយថា អគ្គិភ័យនេះបានរីករាលដាលដល់ព្រៃក្បែរនោះ ហើយនៅមិនទាន់គ្រប់គ្រងបាននោះទេ ខណៈអភិបាលក្រុង Drammen លោក Kjell Arne Hermansen បង្ហាញភាពក្រៀមក្រំចំពោះហេតុការណ៍អគ្គិភ័យនេះ។

ផ្សែងខ្មៅដ៏ក្រាស់ត្រូវបានគេមើលឃើញគ្របដណ្តប់ពីលើតំបន់ស្ថិតនៅចម្ងាយប្រហែល ៥០គ.មភាគខាងលិចទីក្រុង Osloប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ ឬការបាត់ខ្លួនមនុស្សនោះទេ ពីអគ្គិភ័យមួយនេះ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង៦០នាក់ បានព្យាយាមពន្លត់អគ្គិភ័យ ខណៈឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនឲ្យទៅពន្លត់អណ្តាតភ្លើងហើយនគរបាល បានជម្លៀសខ្លួនមនុស្សរាប់រយនាក់ ។គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ពីមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យកើតឡើង៕