ក្រុមមន្ត្រីនិយាយថា មីស៊ីលផ្លោងបាលីស្ទីករបស់រុស្ស៊ីបានវាយប្រហាររដ្ឋធានីគីវ និងតំបន់ជុំវិញនៅព្រឹកថ្ងៃអាទិត្យ១៩កក្កដា ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសប្រាំបួននាក់ផ្សេងទៀត ខណៈអគ្គិភ័យបានឆាបឆេះទូទាំងរដ្ឋធានីនេះ ស្របពេលគ្មានសញ្ញានៃការបញ្ចប់សង្រ្គាមនៅឡើយទេរហូតមកដល់ពេលនេះ។

អ្នកឃើញហេតុការណ៍ម្នាក់របស់សារព័ត៌មាន Reuters បានឮសំឡេងផ្ទុះដ៏ខ្លាំងជាបន្តបន្ទាប់ធ្វើឲ្យកក្រើករដ្ឋធានី ខណៈកងទ័ពអាកាសអ៊ុយក្រែនបានព្រមានអំពីការគំរាមកំហែងដោយមីស៊ីលផ្លោង បាលីស្ទីក។
លោក Vitali Klitschko អភិបាលរដ្ឋធានីគីវ បាននិយាយលើ Telegram ថា អគ្គិភ័យបានឆាបឆេះនៅអន្តេវាសិកដ្ឋាន អគារលំនៅដ្ឋាន និងផ្សារទំនើប។

លោក Klitschko បាននិយាយថា អគារ និងឃ្លាំងជាច្រើនដែលមិនមែនជាលំនៅឋានត្រូវបានវាយប្រហារនៅក្នុងការវាយប្រហារនេះ ខណៈរថយន្តដែលបានចត និងអគារការិយាល័យ ត្រូវបានឆេះបំផ្លាញនៅក្នុងស្រុកជាច្រើន។
យោងតាមរដ្ឋបាលយោធា មនុស្សពីរនាក់បានរងរបួសនៅក្នុងតំបន់គីវ ហើយឃ្លាំងនៅទីនោះក៏ត្រូវបានខូចខាតផងដែរ៕
