បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកនៅទំនប់ដូនទ្រី អាងបាសាក់ ព្រមទាំងអាងទឹកនិងទំនប់ស្ទាក់ទឹកមួយចំនួននៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី ដើម្បីខិតខំជួយសង្រ្គោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាបានទឹកប្រើប្រាស់ ហូបចុករបស់សត្វ ព្រមទាំងមនុស្សផងដែរ នៅរដូវប្រាំងខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។
ក្រៅពីការបែងចែកទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករ ឯកឧត្តម បានណែនាំឱ្យរក្សាទឹកទុកសម្រាប់ត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ ដោយសារឆ្នាំនេះប្រទេសកម្ពុជាជួបប្រទះនូវបាតុភូតអែលនីញ៉ូដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀង ហើយខេត្តបាត់ដំបងក៏ទទួលរងនូវបាតុភូតនេះផងដែរ។
បើតាមលោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នបរិមាណទឹកនៅក្នុងអាងស្តុកទុកទឹកទំនប់ដូនទ្រីនៅសល់ប្រមាណ៥០លានម៉ែត្រគូប ហើយមន្ទីរនឹងបន្តបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាពស្របតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
លោក ខៃ សុដា សង្កត់ធ្ងន់ថា បរិមាណទឹកនៅទំនប់ដូនទ្រីមិនអាចបែងចែកបញ្ជូនទៅស្រោចស្រពផ្ទៃដីដំណាំស្រូវដ៏ច្រើនលើសលប់ និងនៅឆ្ងាយពីប្រភពទឹកឱ្យបានគ្រប់គ្រាន់នោះទេ ខណៈទឹកមួយផ្នែកត្រូវរក្សាទុកត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ។
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូតអែលនីញ៉ូបានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ លក្ខណ:បែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្តបាត់ដំបង ថមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំអាចប្រឈមនឹងស្ថានភាពខ្វះទឹកនិងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ។
ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រៀម ផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាព។ចំណែកបងប្អូនប្រជាកសិករ គួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជដំណាំដែលមានតម្រូវការទឹកតិច ឬពន្យាពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ចំពោះសាធារណជនទូទៅ គួរប្រើប្រាស់ទឹកប្រចាំថ្ងៃដោយសន្សំសំចៃ និងតាមដាននូវសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង។
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នឹងបន្តតាមដានយ៉ាងជាប់លាប់នូវការវិវត្តនៃស្ថានភាពអាកាសធាតុ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួលគួរឱ្យកត់សម្គាល់៕











