កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើនាវាដឹកទំនិញរបស់ប្រទេសទួរគីដែលដឹកគ្រាប់ធញ្ញជាតិ បានសម្លាប់មនុស្សប្រាំនាក់នៅលើនាវា ខណៈសមាជិកនាវិកប្រាំនាក់ផ្សេងទៀតបានបាត់ខ្លួន។

កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ីបានបាញ់មីស៊ីលស៊ីបគោលដៅចំនួនបីគ្រាប់ទៅលើនាវា Golden Leo បំពាក់ទង់ជាតិហ្គីណេ-ប៊ីស្សូ(ប្រទេសនៅអាហ្វិ្រកខាងលិច) ខណៈកំពុងចាកចេញពីតំបន់ប្រយុទ្ធដែលមានដឹកទំនិញគ្រាប់ធញ្ញជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយថា «នេះគឺជាការវាយប្រហារដោយចេតនាមួយផ្សេងទៀតរបស់រុស្ស៊ីប្រឆាំងនាវាស៊ីវិលដែលគ្មានអាវុធបំពាក់ទង់ជាតិបរទេសដែលមិនបង្កការគំរាមកំហែងផ្នែកយោធាអ្វីទាំងអស់»។ សេចក្តីថ្លែងការណ៍ និយាយថា «ការវាយប្រហារនេះ គឺជាសកម្មភាពភេរវកម្មប្រឆាំងការធ្វើនាវាចរណ៍ដោយសន្តិវិធី និងជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិទាំងស្រុង។
សេចក្តីថ្លែងការណ៍ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បាននិយាយថា នាវិករួមមានពលរដ្ឋរបស់ប្រទេសស៊ីរី និងឥណ្ឌា។ អាកាសយានិកដែនសមុទ្រអ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ រួមជាមួយសមាជិកនាវិកបួននាក់ ខណៈសមាជិកនាវិកប្រាំបីនាក់ត្រូវបានជម្លៀសចេញ និងប្រាំនាក់នៅបាត់ខ្លួន។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញ X ថា «ខណៈពិភពលោកនៅតែឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមរបស់រុស្ស៊ីទៅលើទីក្រុងគីវកាលពីយប់មិញ ទីក្រុងមូស្គូនៅតែបន្តយុទ្ធនាការភេរវកម្មរបស់ខ្លួន»។ រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទីកចំនួន២៤គ្រាប់ទៅលើទីក្រុងគីវកាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស១៦នាក់។