អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីកាលពីថ្ងៃអង្គារបានបន្តការវាយប្រហារលើរោងចក្រដែក Azovstal ដែលត្រូវបានគេគិតថា ជាទីតាំងចុងក្រោយរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុងឡោមព័ទ្ធ Mariupol បន្ទាប់ពីជនស៊ីវិលត្រូវបានជម្លៀសចេញពីតំបន់នោះ។
កងទ័ពអ៊ុយក្រែនបានប្រកាសថា កងកម្លាំងរុស្ស៊ីបានចាប់ផ្ដើមវាយលុកទីតាំងដែលរួមមានទាំងនៅផ្លូវរូងក្រោមដី និងលេណដ្ឋានក្រោមដី។ ការវាយលុកបានកើតឡើង ខណៈក្បួនរថយន្តដឹកជនស៊ីវិលរាប់សិបនាក់ដែលត្រូវបានជម្លៀសចេញពីរោងចក្រ បានទៅដល់ទីសុវត្ថិភាពនៃទីក្រុងដែលគ្រប់គ្រងដោយអ៊ុយក្រែន។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ សម្រាប់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា បុរស ស្ត្រី កុមារ និងមនុស្សចាស់ចំនួន ១០១នាក់បានចាកចេញពីរោងចក្រដែក Azovstal។
យោធារុស្ស៊ីបាននិយាយថា អ្នកជម្លៀសមួយចំនួនបានជ្រើសរើសទីកន្លែងស្នាក់នៅ ក្នុងតំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនគាំទ្រទីក្រុងមូស្គូ។ អតីតកម្មកររោងចក្រដែក Azovstal ម្នាក់ដែលបានចំណាយពេលជិត ២ខែនៅក្នុងលេណដ្ឋានរោងចក្រជាមួយគ្រួសាររបស់គាត់ត្រូវបានជម្លៀសទៅក្រុង Bezymenne នៅផ្នែកគ្រប់គ្រងដោយប្រទេសរុស្ស៊ី។ លោកបានអះអាងថា ការប្រយុទ្ធគ្នាកំពុងកើតមានស្ទើរតែគ្រប់ពេលវេលា ហើយផ្លូវចេញពីលេណដ្ឋានត្រូវបានរារាំងដោយការបាញ់ផ្លោង៕
អត្ថបទ៖ ប៊ុនថន