សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ការត្រៀមលក្ខណៈរបស់គ្រូ របស់សាស្រ្ដាចារ្យ គឺជាការជោគជ័យរបស់សិស្ស ពីព្រោះបើគ្រូកាន់តែស្រាវជ្រាវច្រើន មានចំណេះកាន់តែទូលំទូលាយ និងកាន់តែមានគុណភាពនោះក៏ផ្ដល់ការណែនាំដល់សិស្សកាន់តែល្អប្រសើរ និងឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សាដែរ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតជាពិសេសការកែទម្រង់ឧត្តមសិក្សា។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននឹងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងធំទូលាយជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធិ និងសមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ដស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱនូវការអនុវត្តសក្ដានុពលផលលាភវិទ្យាសាស្រ្ដកម្ពុជាកំពុងតែមាន។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ប្រទេសក៏ដូចជាគ្រួសារ ក៏ដូចជាឪពុកម្ដាយរបស់កូនៗ គ្មានអ្វីសំខាន់ ហើយផ្ដល់ឱ្យកូនជាងឱកាសនៃការរៀនសូត្រ កសាងសមត្ថភាព ដើម្បីរស់ខ្លួនឯង ក្រែងថ្ងៃណាមួយអត់មានឪពុកម្ដាយ។ រឿងនេះមិនថាអ្នកក្រ អ្នកមាន មានឱកាសតែងតែខិតខំផ្ដល់ មិនថាអ្នកនៅជនបទ មិនថាអ្នកទៅទីក្រុង។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ធនធានមនុស្សដែលមានសមត្ថភាព ហើយមានសុខភាពល្អ អាចធ្វើឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងបរិបទសាកលភាវូបនីយកម្ម។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថាកាលពីសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយក្នុងជំនួបជាមួយឯកឧត្តមប្រធានាធិបតីរុស្ស៊ី ពូទីន គឺបានពិភាក្សាគ្នាអំពីទំនាក់ទំនងពង្រឹងក្នុងការវិនិយោគទៅវិញទៅមក។ ចំណែកមេដឹកនាំអាស៊ាន១០ប្រទេសផ្សេងទៀតក៏និយាយដូចគ្នា។ ចំណែកការទៅបារាំង ទៅជប៉ុន ឬប្រទេសផ្សេងទៀតក៏ដូចគ្នា ដូច្នេះធ្វើម៉េចដើម្បីឱ្យយើងមានភាពទាក់ទាញក្នុងនោះគឺធនធានមនុស្សនេះគឺជាកត្តាសំខាន់។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកដែរថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតដើម្បីទាញចូលមកពង្រឹងខ្លួនយើង ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើយើងមិនទទួលស្គាល់ មិនត្រៀមលក្ខណៈ និងមិនចាប់ឱកាសពីឥឡូវយើងនឹងដើរថយក្រោយគេហើយ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច ការខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផ្ទៃក្នុងក៏ជាការមួយល្អ ប៉ុន្ដែយើងត្រូវទទួលស្គាល់នូវគម្លាតបច្ចុប្បន្ន ខណៈប្រទេសខ្លះគេវិនិយោគលឿនជាងយើង ដូច្នេះដើម្បីឱ្យលំហូរនៃវិទ្យាសាស្រ្ដទាំងអស់នោះមកយើង គឺយើងត្រូវចូលរួមជាមួយបច្ចេកវិទ្យាទាំងអស់នោះ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកដែរថា ក្នុងពេលជំនួបជាមួយវិនិយោគិនចិនធំៗនៅចិន ពួកគេភាគច្រើនចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ពួកគេភាគតិចបំផុតដែលមកសុំវិនិយោគលើការដាំដំណាំកសិកម្ម, អ្នកធ្វើកសិកម្មមានមកដែរប៉ុន្ដែគេចង់ធ្វើកសិ-ឧស្សាហកម្មបើករោងចក្រ ផលិតផលិតផលសម្រេច ក្រៅពីនោះភាគច្រើនចង់មកវិនិយោគផលិតគ្រឿងបង្គុំអគ្គិសនី និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា គោលដៅរបស់រាជរដ្ឋាភិបាលមានបី គឺចង់ឱ្យធនធានមនុស្សមានសុខភាពល្អ, ឱ្យមនុស្សមានចំណេះដឹង បំណិន, និងឱ្យមនុស្សមានឱកាសការងារ ដែលបីនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជនដែលអាចឱ្យប្រជាជនជួយខ្លួនឯងបាន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗប្រមាណ ៥០-៦០ លានដុល្លារ ដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អ្វីដែលយើងបានចេញពីសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា, មេរៀនដែលយើងរៀនមួយចំនួននឹងត្រូវបានភ្លេចក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកយើងមិនយកទៅប្រើប្រាស់, ប៉ុន្ដែអ្វីដែលត្រូវរៀនជាប់ជានិច្ច សម្រាប់ខ្ញុំផ្នត់គំនិត និងរបៀបរបបនៃការគិតមួយចំនួនដែលបានមកពីការរៀន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការទទួលសញ្ញាបត្របានឆ្លុះបញ្ចាំងមេរៀនមួយចំនួន ទី១គឺជោគជ័យធំកើតចេញពីជោគជ័យតូចៗច្រើនផ្គុំគ្នា ដែលវាជាមេរៀនរបស់បងប្អូនក្នុងការសិក្សា និងការងារ, សូម្បីតែខ្ញុំជានាយករដ្ឋមន្រ្ដី ភាពជោគជ័យរបស់រាជរដ្ឋាភិបាល គឺវាអាស្រ័យទៅលើសេវាមួយៗតូចៗវាជោគជ័យ វិស័យមួយៗតូចៗជោគជ័យ។ បើយើងនិយាយថា រាជរដ្ឋាភិបាលជោគជ័យ តើយើងនិយាយអ្វី? វិស័យសេដ្ឋកិច្ច តើក្នុងវិស័យសេដ្ឋកិច្ច បានជោគជ័យអ្វីខ្លះ? វិស័យទេសចរណ៍ជោគជ័យអ្វីខ្លះ? អ្វីខ្លះដែលមិនទាន់ជោគជ័យ? គឺត្រូវរកវិធី ដើម្បីដោះស្រាយបញ្ហា ហើយក្នុងវិស័យមួយៗ គឺមានរឿងតូចៗជាច្រើនទៀត។ ដូច្នេះយើងត្រូវគិតឱ្យទូលំទូលាយ ប៉ុន្ដែត្រូវអនុវត្តផ្ដោតពីការងារតូចៗទៅមុន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ភាពជោគជ័យត្រូវការពេលវេលាយូរអង្វែង និងភាពអំណត់អត់ធ្មត់, ត្រូវការប្រឈម និងការច្នៃប្រឌិត ភារកិច្ចមួយនឹងជួនកាលទៅធ្វើតាមផ្លូវនឹងទៅអត់អាចទៅរួចទេ ខិតខំអស់លទ្ធភាពយ៉ាងណាក៏ទៅមិនរួចដែរ តែខ្ញុំមិនបោះបង់ យើងមិនបោះបង់ យើងច្នៃវិធីដើម្បីធ្វើ។ ពេលខ្លះដើរត្រង់វាជិត ប៉ុន្ដែវាទៅមិនរួច វាត្រូវការពីរជំហាន។ តាំងពីយើងធ្វើការផ្ទាល់ខ្លួន រហូតទៅដល់ចរចាសន្តិភាព ចរចាបទឈប់បាញ់ រឿងនេះពេលខ្លះដ៏ដូចតែគ្នាដែរ ជួនកាលវាទៅត្រង់ផ្លូវនឹងវាមិនផ្ដល់ផលប្រយោជន៍ឱ្យយើងសុខចិត្តឆ្ងាយបន្ដិច តែយើងមិនបោះបង់នូវអ្វីដែលយើងចង់បាននោះទេ។














