ភ្នំពេញ៖ លោកជំទាវ Tina REDSHAW ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តសហការជិតស្និទ្ធជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីពិភាក្សាលើការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលនាពេលអនាគតផង។
លោកជំទាវ Tina REDSHAW ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែឧសភា បានទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីស្វែងយល់ពីវឌ្ឍនភាពនិងការងារបណ្តុះបណ្តាលកងកម្លាំងនគរបាល របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សេង ផល្លី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អរវាងប្រទេសអង់គ្លេសនិងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការល្អរវាងនគរបាលអង់គ្លេស និងបណ្ឌិត្យសភានគរបាលកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភា ព្រមទាំងការជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ។
ក្រោយពីបានពិភាក្សាការងារ លោកជំទាវឯកអគ្គរាជទូត បានអញ្ជើញធ្វើដំណើរទស្សនាដោយផ្ទាល់នូវសមិទ្ធផលនានា និងទីតាំង ហ្វឹកហាត់នានាក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ដោយបានសម្តែងសេចក្តីសប្បាយរីករាយ និងថ្លែងកោតសរសើរចំពោះការដឹកនាំគ្រប់គ្រង និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលកងកម្លាំងនគរបាល៕អត្ថបទ៖ គឹមហុក