សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅរបស់សម្ដេច គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតមកពង្រឹងកម្ពុជា ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើកម្ពុជាមិនទទួលស្គាល់ មិនត្រៀមលក្ខណៈនឹងមិនចាប់ឱកាសពីឥឡូវទេនោះកម្ពុជានឹងដើរថយក្រោយគេហើយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសតូច ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)ផ្ទៃក្នុងក៏ជាការមួយល្អ ប៉ុន្ដែយើងត្រូវទទួលស្គាល់នូវគម្លាតបច្ចុប្បន្ន ខណៈប្រទេសខ្លះគេវិនិយោគលឿនជាងយើង ដូច្នេះដើម្បីឱ្យលំហូរនៃវិទ្យាសាស្រ្ដទាំងអស់នោះមក គឺយើងត្រូវចូលរួមជាមួយបច្ចេកវិទ្យាទាំងអស់នោះ។
សម្ដេចធិបតី បានឱ្យដឹងទៀតថា ក្នុងពេលជំនួបជាមួយវិនិយោគិនចិនធំៗនៅចិន ពួកគេភាគច្រើនចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះពួកគេភាគតិចបំផុតដែលមកសុំវិនិយោគលើការដាំដំណាំកសិកម្ម, អ្នកធ្វើកសិកម្មមានមកដែរ ប៉ុន្ដែគេចង់ធ្វើ កសិ-ឧស្សាហកម្មបើករោងចក្រ ផលិតផលិតផលសម្រេច, ក្រៅពីនោះភាគច្រើនពួកគេចង់មកវិនិយោគលើផលិតគ្រឿងបង្គុំអគ្គិសនី និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI។ សូមជម្រាបថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាទិភាពបច្ចេកវិទ្យាត្រូវបានកំណត់ជា «អាទិភាពគន្លឹះទី៥» (បន្ទាប់ពី មនុស្ស ផ្លូវ ទឹក ភ្លើង) ដោយផ្តោតជាសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការធ្វើបរិវត្តកម្មឌីជីថល៕



