ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងមិនកាត់បន្ថយថវិកាពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅទ្រទ្រង់វិស័យការពារ ជាតិនោះឡើយ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីការបង្កើនថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាល ជាផែនការអាទិភាព ព្រោះប្រទេសរីកចម្រើនទៅបាន គឺត្រូវតែមានធនធានមនុស្ស ដែលមានចំណេះដឹង និងសុខុមាលភាពល្អ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរ ការបង្កើនធនធានមនុស្ស គឺត្រូវមានបីចំណុចសំខាន់ គឺទី១- សុខភាពល្អ ២- ចំណេះដឹង និងបំណិន និងទី៣- ឱកាសការងារ ដោយបីចំណុចនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជន ហើយឲ្យប្រជាជនអាចជួយខ្លួនឯងបាន៕



