សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា បង្កផលប៉ះពាល់ដល់កម្ពុជាដែរនោះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងមួយខែៗប្រមាណ៥០-៦០លានដុល្លារ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ឺសថ៍ អេយសៀ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ នៅសៀមរាប បានបញ្ជាក់ថា ក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកនេះ រាជរដ្ឋាភិបាលបានបញ្ចេញលុយជាច្រើនសម្រាប់ទប់អតិផរណា តាមរយៈការបន្ថយពន្ធប្រេង បន្ថយពន្ធលើសម្ភារៈ អគ្គិសនី ដែលប្រើថាមពលអគ្គិសនី ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់អះអាងថា ទោះជាប្រឈមនឹងបញ្ហាពិភពលោកដ៏ស្មុគស្មាញនាពេលនេះក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែដើរទៅមុខដោយស្វាហាប់ និងភាពធន់៕
