អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់អ្នកនាំពាក្យយោធាហ៊ួទីថា ក្រុមសកម្មប្រយុទ្ធនេះ បានដាក់ការបិទផ្លូវសមុទ្រលើអារ៉ាប៊ីសាអ៊ូឌីត។ ពួកគេក៏បានថ្កោលទោសការចោទប្រកាន់របស់ក្រុមហ៊ួទីថា ព្រះរាជាណាចក្រនេះ បានបិទផ្លូវប្រជាជនយេម៉ែនផង ដែរ។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា៖«ព្រះរាជាណាចក្រនេះ អះអាងថា ខ្លួនបានធ្វើការក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជាមួយរដ្ឋាភិបាលស្របច្បាប់នៃប្រទេសយេម៉ែន ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនយេម៉ែន តាមរយៈការបន្តគម្រោងអភិវឌ្ឍន៍ ការគាំទ្រថវិការបស់រដ្ឋាភិបាលយេម៉ែន និងការផ្តល់ផលិតផលប្រេងឥន្ធនៈ ដើម្បីដំណើរការរោងចក្រថាមពល»។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា នាវាជាង ៣០០គ្រឿង ដែលដឹកស្បៀងអាហារ ទំនិញ ប្រេងឥន្ធនៈ និងសម្ភារៈសំណង់ជាច្រើនប្រភេទ បានមកដល់កំពង់ផែមួយចំនួន នៅភាគខាងជើងប្រទេសយេម៉ែន ក្នុងនោះមាន Hodeidah, Salif និង Ras Isa ក្នុងអំឡុងឆមាសទី១នៃឆ្នាំ ២០២៦។
សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ពីការវាយប្រហាររបស់ក្រុមហ៊ួទីប្រឆាំងនឹងប្រជាជនយេម៉ែន និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ រួមទាំងការវាយប្រហារលើអាកាសយានដ្ឋាន Aden នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់ និងរងរបួស និងការវាយប្រហារដែលបានកំណត់គោលដៅលើរោងចក្រនាំចេញប្រេងនៅភាគខាងត្បូងប្រទេសយេម៉ែន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២៕