កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារតាមបណ្ដាញសង្គម Instagram បង្ហាញពីអារម្មណ៍សោកស្តាយ បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន បរាជ័យក្រោមថ្វីជើងអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក។
នៅក្នុងសាររបស់ខ្លួន Messi បានសរសើរការខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុម និងចាត់ទុកការឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា ជាសមិទ្ធផលដ៏អស្ចារ្យ។
Messi បានសរសេរថា៖ «ការឈឺចាប់គឺធំធេងណាស់ ហើយវាត្រូវការពេលវេលាដើម្បីឱ្យរបួសផ្លូវចិត្តនេះជាសះស្បើយ។ ប៉ុន្តែខ្ញុំនឹងរក្សាទុករាល់អនុស្សាវរីយ៍ល្អៗ។ ថ្ងៃនេះប្រហែលជាពិបាកក្នុងការយល់ឃើញពីអ្វីដែលយើងសម្រេចបាន ប៉ុន្តែក្រុមនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា»។
ប្រធានក្រុមវ័យ ៣៩ឆ្នាំ រូបនេះ ក៏បានផ្ញើសារអបអរសាទរដល់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានក្លាយជាជើងឯកពិភពលោកផងដែរ។
ជាមួយនឹងការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៦ Messi បានក្លាយជាកីឡាករទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្របាល់ទាត់បុរស បន្ទាប់ពីអតីតប្រធានក្រុមប្រេស៊ីល Cafu ដែលបានចូលលេងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ចំនួន ៣លើក គឺនៅឆ្នាំ២០១៤ ឆ្នាំ២០២២ និងឆ្នាំ២០២៦។
ទោះបីជាខកខានការពារតំណែងជើងឯកក៏ដោយ Messi នៅតែជាកីឡាករដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាហ្សង់ទីន ដោយបានដឹកនាំក្រុមឈ្នះពាន FIFA World Cup ឆ្នាំ២០២២, Copa America ឆ្នាំ២០២១ និង២០២៤។ លើសពីនេះ រូបគេក៏ជាម្ចាស់ពាន Ballon d'Or ចំនួន ៨សម័យ និងត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ៕ អត្ថបទ៖នាង សុភាវុធ
