កម្ពុជា-អាមេរិកពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ការលើកកម្ពស់លំហូរទុនវិនិយោគពីអាមេរិក មកកម្ពុជា, បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេស កម្ពុជានិងសហរដ្ឋអាម៉េរិក ពិសេសលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាស ធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ ដែលភាគីទាំងពីរ ទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាកិច្ចព្រមព្រៀង បើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរ ត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។
លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានវិលត្រឡប់មក បំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារ ជាប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។ ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន លើ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន និងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេល ដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋ កិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជា ស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។
សូមបបញ្ជាក់ថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈមួយចំនួនរួមមាន៖ (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេ ភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយ នឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។ ជាមួយគ្នានេះ លោកស្រីភារធារី បានបញ្ជាក់ ជាថ្មី ពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែល មានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី




