មន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានសម្លាប់ឪពុកម្នាក់ ភរិយារបស់ខ្លួន និងកូនទាំង ៤នាក់របស់ពួកគេ នៅទីក្រុងហ្កាហ្សា ខណៈដែលវាបានបង្កឲ្យផ្ទះរបស់ពួកគេឆេះផងដែរ។
ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះគ្រួសារមួយ នៅតំបន់ Sabra បានសម្លាប់បុរសឈ្មោះ Firas Al-Masri ភរិយារបស់ខ្លួន ឈ្មោះ Salsabeel និងកូនស្រីបីនាក់ ព្រមទាំងកូនប្រុសម្នាក់របស់ពួកគេ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារនោះ ដោយនិយាយថា គោលដៅរបស់ខ្លួន គឺជាសមាជិកប្រដាប់អាវុធរបស់ក្រុមហាម៉ាស ហើយថា ខ្លួនកំពុងបន្តស៊ើបអង្កេតលទ្ធផលនៃការវាយប្រហារនេះនៅឡើយ។
ក្នុងការវាយប្រហារដាច់ដោយឡែកៗគ្នា ចាប់តាំងពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់សមាជិកប្រដាប់អាវុធបីនាក់មកពីក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាម ដែលក្នុងចំណោមនោះ ពីរនាក់បានចូលរួមក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី 0៧ ខែតុលា ឆ្នាំ២០២៣ ហើយបានឃុំខ្លួន ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានចាប់ក្នុងការវាយប្រហារនោះ៕

