អ្នកគាំទ្របាល់ទាត់ និងភ្ញៀវទេសចរជាច្រើនបានឈប់ថតរូបជាមួយគំនូរតាមជញ្ជាំងរបស់ខ្សែប្រយុទ្ធ Ferran Torres ស្ថិតនៅកណ្តាលទីក្រុង Barcelona ដែលត្រូវបានគូរឡើងដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ស្នាដៃនេះត្រូវបានគូរដោយវិចិត្រករតាមដងផ្លូវដ៏ល្បីដែលគេស្គាល់នៅលើបណ្តាញសង្គមថា “Tvboy” ដោយបង្ហាញរូប Ferran Torres កំពុងថើបពានរង្វាន់ World Cup ក្រោមពាក្យស្លោក "Making History" ដែលមានន័យថា «បង្កើតប្រវត្តិសាស្ត្រ»។
Tvboy បាននិយាយថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះការប្រកួត របៀបលេង និងស្មារតីរបស់ក្រុមអេស្ប៉ាញ ហើយជឿជាក់ថា Ferran Torres គឺជាកីឡាករស័ក្តិសមបំផុតក្នុងការតំណាងឱ្យភាពជោគជ័យនេះ។
គំនូរនេះក៏ជាការរំលឹកដល់ពេលវេលាដ៏អស្ចារ្យមួយនៃការប្រកួត World Cup ឆ្នាំ២០២៦ ដោយ Ferran Torres បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែមក្នុងវគ្គផ្តាច់ព្រ័ត្រ ជួយឱ្យអេស្ប៉ាញលើកពានជើងឯកពិភពលោកផ្នែកបុរសជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១០។
ក្រោយការឈ្នះជើងឯក ពិធីអបអរសាទរបានផ្ទុះឡើងទូទាំងប្រទេសអេស្ប៉ាញ ខណៈប្រជាពលរដ្ឋប្រមាណ ២លាននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Madrid ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិ និងអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រនេះ៕ អត្ថបទ៖នាង សុភាវុធ





