ក្រុមហ៊ុនដឹកជញ្ជូននាវារបស់ក្រិក Dynagas នឹងទទួលបានការអនុញ្ញាតឲ្យបន្តដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ដែលផលិតនៅប្រទេសរុស្ស៊ី។ កាសែត Financial Times (FT) បានរាយការណ៍ដោយដកស្រង់ប្រភពថា សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនធ្វើសម្បទានមួយចំនួន ជាផ្នែកនៃកញ្ចប់ទណ្ឌកម្មលើកទី២១ របស់ខ្លួន។

យោងតាមរបាយការណ៍ កិច្ចព្រមព្រៀងនេះ ដែលនៅតែត្រូវការការអនុម័តពីប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឲ្យក្រុមហ៊ុននានាបន្តដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីទៅកាន់ប្រទេសទី៣ រយៈពេល ១២ ខែ ហើយអាចបន្តអាណត្តិបានទៀត។ ទោះជាយ៉ាងណា បរិមាណដឹកជញ្ជូននឹងត្រូវបានកំណត់មិនឲ្យលើសកម្រិតក្នុងឆ្នាំ ២០២៥ទេ។

សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា អាជ្ញាធរសហភាពអឺរ៉ុប បានអស់គំនិតក្នុងការដាក់ចេញវិធានការថ្មីៗ សម្រាប់បញ្ចូលក្នុងកញ្ចប់ទណ្ឌកម្មលើកទី២១ ប្រឆាំងនឹងរុស្ស៊ី ព្រោះវិធានការបន្ថែមទាំងនោះ អាចបង្កផលប៉ះពាល់ដល់ប្រទេសសមាជិករបស់EUផ្ទាល់។ ចំណែកសារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃទី១៩ ខែកក្កដា ថា ប្រទេសក្រិកបានជំទាស់នឹងទណ្ឌកម្មថ្មីៗ ដោយសារការហាមឃាត់របស់គណៈកម្មការអឺរ៉ុបលើការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី អាចប៉ះពាល់ដល់ក្រុមហ៊ុនដឹកជញ្ជូននាវា Dynagas៕