យោធាអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦) បានបញ្ជាក់ថា ខ្លួននឹងកំណត់គោលដៅទីតាំងថាមពល នៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។
ទីស្នាក់ការកណ្តាល Khatam al-Anbiya បានប្រាប់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុវត្តការគំរាមកំហែងរបស់ខ្លួន កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ «នឹងមិនអនុញ្ញាតឱ្យមានការនាំចេញប្រេងសូម្បីតែមួយដំណក់» ដោយបានបន្ថែមថា ទីតាំងប្រេង ឧស្ម័ន អគ្គិសនី និងសេដ្ឋកិច្ច នៅទូទាំងតំបន់ នឹងក្លាយជាគោលដៅ។
ជាមួយគ្នានេះ ទីស្នាក់ការកណ្តាលយោធានេះ បានឱ្យដឹងទៀតថា ច្រកសមុទ្រ Hormuz នៅតែបិទដដែល ដោយព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះបានទេ លើកលែងតែឆ្លងកាត់ផ្លូវដែលត្រូវបានកំណត់ក្រោមនីតិវិធីប្រកាសពីមុន។
ជាងនេះទៀត ទីស្នាក់ការកណ្តាលកងកម្លាំងប្រដាប់អាវុធមួយនេះ ក៏បានព្រមានផងដែរថា ការគំរាមកំហែង និងសកម្មភាពរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ នឹងពង្រីកវិសាលភាពនៃជម្លោះ «ដល់តំបន់ទាំងមូល និងសូម្បីតែលើសពីនេះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាបន្តបន្ទាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ខណៈពេលដែលទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារដែលកំណត់គោលដៅលើទីតាំង និងមូលដ្ឋាន ដែលខ្លួនចាត់ទុកថា ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកក្នុងប្រទេសជាច្រើន នៅទូទាំងតំបន់៕



