មន្ត្រីបានប្រាប់ឱ្យដឹងកាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦) ថា ដោយមានអ្នកស្លាប់ថ្មី ១០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំនួនអ្នកបាត់បបង់ជិវិតដោយសារទឹកជំនន់ ក្នុងរដ្ឋ Assam នៅភាគឦសាននៃប្រទេសឥណ្ឌា បានកើនឡើងដល់ ៤១នាក់ហើយ ខណៈភ្លៀងរដូវមូសុង បានបណ្ដាលឱ្យមនុស្សជិត ៤០នាក់សា្លប់ នៅទូទាំងប៉ាគីស្ថាន ហើយទឹកជំនន់ និងបំណាក់ដី បង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋនេះ បានឱ្យដឹងថា ការស្លាប់ថ្មីត្រូវបានរាយការណ៍ពីតំបន់ចំនួន ៥។ ជាមួយគ្នានេះ លោក Himanta Biswa Sarma រដ្ឋមន្ត្រីប្រចាំរដ្ឋ Assam បាននិយាយថា មនុស្សជាង ៧០០.០០០នាក់ បានរងផលប៉ះពាល់ នៅក្នុងគ្រោះមហន្តរាយនេះ ហើយមនុស្ស ៣នាក់នៅតែបាត់ខ្លួន។ លោកបានបន្ថែមថា «ភ្លៀងធ្លាក់ខ្លាំងភ្លាមៗ និងទឹកជំនន់ បានវាយប្រហារសូម្បីតែតំបន់របស់រដ្ឋ Assam ដែលមិនធ្លាប់រងគ្រោះបែបនេះពីមុនមក»។

សម្រាប់ប្រទេសប៉ាគីស្ថាន ឧប្បត្តិហេតុទាក់ទងនឹងភ្លៀង បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ៣៧នាក់ស្លាប់ ខណៈដែលរដូវមូសុងដែលកំពុងបន្តមាន បង្កជាទឹកជំនន់គំហុកភ្លាមៗ និងបំណាញក់ដី ដោយបានបំផ្លាញផ្ទះសម្បែង ដំណាំ សត្វពាហនៈ និងផ្លូវថ្នល់ នៅទូទាំងខេត្ត Khyber Pakhtunkhwa (KP) តំបន់ Gilgit-Baltistan (GB) តំបន់ Azad Jammu & Kashmir (AJK) និងរដ្ឋ Punjab។
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់គំហុកភ្លាមៗ និងឧប្បត្តិហេតុផ្សេងទៀតដែលទាក់ទងនឹងភ្លៀង បានកើនឡើងដល់ ២០នាក់ នៅខេត្ត Khyber Pakhtunkhwa និង ១៧នាក់ នៅរដ្ឋ Punjab ខណៈដែលបំណាក់ដីដែលបង្កឡើងដោយទឹកភ្លៀង នៅខេត្ត Khyber Pakhtunkhwa តំបន់ Gilgit-Baltistan និង Azad Jammu & Kashmir បានបំផ្លាញផ្លូវថ្នល់ ដំណាំ និងផ្ទះសម្បែង។
រីឯនៅទូទាំងភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានវិញ ទឹកជំនន់គំហុកភ្លាមៗ បានឆក់យកជីវិតមនុស្សយ៉ាងតិច ២៦នាក់ រួមទាំង ២៣នាក់នៅក្នុងខេត្ត Nuristan។ ក្រុមជួយសង្គ្រោះបានបន្តស្វែងរកមនុស្សដែលត្រូវបានគេរាយការណ៍ថា បាត់ខ្លួន ដោយសារគ្រោះធម្មជាតិនេះ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលថ្ងៃទី២០ ខែកក្កដា៕


